
ទីក្រុងបាល់ទីម័រ៖ មនុស្ស៦នាក់បានបាត់ខ្លួន និងត្រូវបានគេសន្មត់ថា[ស្លាប់] ក្នុងឧបទ្ទវហេតុនាវាដឹកទំនិញ១ បើកបុកបាក់ស្ពានដ៏វែង នៅក្នុងរដ្ឋម៉ារីឡែនកាលពីថ្ងៃអង្គារទី២៦មីនា។ មនុស្សពីរនាក់ត្រូវបានគេជួយសង្គ្រោះ ម្នាក់រងរបួសស្រាល និងម្នាក់ទៀតរងរបួសធ្ងន់។ រថយន្តជាច្រើនគ្រឿងដែលកំពុងឆ្លងកាត់ស្ពានដែលមានប្រវែងជាង២,៦ គីឡូម៉ែត្របានធ្លាក់ចូលទៅក្នុងទឹក...។

ឆ្មាំឆ្នេរសមុទ្រអាម៉េរិក និងមន្ត្រីប៉ូលិសរដ្ឋម៉ារីឡែន បាននិយាយថា ដោយផ្អែកលើសីតុណ្ហភាពត្រជាក់នៃទឹក និងរយៈពេលដែលបានកន្លងផុតទៅចាប់តាំងពីស្ពានបានធ្លាក់ចុះមក មានឱកាសតិចតួចណាស់ដែលថា អ្នកបាត់ខ្លួនទាំង៦នាក់អាចត្រូវបានរកឃើញនៅរស់។ នាវាដឹកកុងតឺន័រដែលមានទង់ជាតិសិង្ហបុរីឈ្មោះ ដាលី ធ្វើដំណើរចេញពីកំពង់ផែដែលភ្ជាប់ទៅនឹងប្រទេសស្រីលង្កា បានបុកបង្គោលស្ពាន Francis Scott Key នៅលើមាត់ទន្លេ Patapsco នៅម៉ោងប្រហែល១ៈ៣០ទៀបភ្លឺ (ម៉ោងនៅរដ្ឋម៉ារីឡែន)។ នាវាបានបាត់បង់ថាមពលមួយភ្លែត មុនពេលវាបុកស្ពាន។

បំណែកស្ពានលាតសន្ធឹងប្រវែង២,៥៧គីឡូម៉ែត្របានបាក់ចូលទៅក្នុងទឹក ដោយនាំទាំងយានជំនិះ និងមនុស្សចូលធ្លាក់ទៅក្នុងទន្លេ។ ក្រុមអ្នកជួយសង្រ្គោះបានទាញអ្នករស់រានមានជីវិតពីរនាក់ទៅកាន់កន្លែងសុវត្ថិភាព ដែលក្នុងនោះមានម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ុន្តែប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះសកម្មត្រូវបានផ្អាកប្រហែល១៨ម៉ោងបន្ទាប់ពីសោកនាដកម្មនេះ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ភីត ប៊ុតទីហ្គីក (Pete Buttigieg) បានព្រមានថា៖«ការដួលរលំនេះនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សង្វាក់ផ្គត់ផ្គង់។ ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រកំពុងត្រូវបានបង្វែរចេញពីកំពង់ផែបាល់ទីម័រ ទៅកំពង់ផែ Virginia ដើម្បីបន្តធ្វើពាណិជ្ជកម្ម»។

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានសន្យាថា រដ្ឋាភិបាលសហព័ន្ធនឹងបង់ថ្លៃទាំងស្រុង ដើម្បីសាងសង់ស្ពាន Francis Scott Key នៅទីក្រុងបាល់ទីម័រ ដែលជាសរសៃឈាមដ៏មមាញឹកបំផុតមួយរបស់ប្រទេស។ លោក បៃឌិន បាននិយាយមុនពេលធ្វើដំណើរទៅកាន់រដ្ឋ North Carolina ថា៖«វាជាចេតនារបស់ខ្ញុំ ដែលរដ្ឋាភិបាលសហព័ន្ធនឹងចំណាយទាំងមូលលើការសាងសង់ស្ពាននោះឡើងវិញ ហើយខ្ញុំរំពឹងថា សភានឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ»។អាជ្ញាធរដែនសមុទ្ទ និងកំពង់ផែ (MPA) របស់ប្រទេសសិង្ហបុរីកំពុងទាក់ទងជាមួយឆ្មាំឆ្នេរសមុទ្រអាម៉េរិក និងក្រុមហ៊ុនគ្រប់គ្រងនាវា ដែលបានចុះបញ្ជីនៅសិង្ហបុរីពាក់ព័ន្ធនឹងឧប្បត្តិហេតុបុកស្ពាន។ MPA បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«MPA នឹងផ្តល់កិច្ចសហប្រតិបត្តិការពេញលេញដល់ឆ្មាំឆ្នេរសមុទ្ទសហរដ្ឋអាម៉េរិក ក្នុងការស៊ើបអង្កេតរបស់ខ្លួន។ MPA ក៏នឹងកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះផងដែរ»។

មាននាវិកចំនួន២២នាក់នៅលើនាវាដាលី នៅពេលកើតហេតុ។ គួរបញ្ជាក់ថា ស្ពាន Francis Scott Key គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់អ្នកបើកបររវាងទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោនដែលព្យាយាមគេចពីទីប្រជុំជនដ៏មមាញឹក។ ស្ពាននេះ មានបរិមាណចរាចររថយន្តចំនួន៣១០០០គ្រឿងក្នុងមួយថ្ងៃ ឬ១១,៣លានគ្រឿងក្នុងមួយឆ្នាំ៕




