
រាជធានីភ្នំពេញ៖ កងរាជអាវុធហត្ថនិងអាជ្ញាធរចម្រុះ បានបង្រ្កាបបទលើ្មសគ្រឿងញៀនពីរករណីធំៗនៅពាក់កណ្តាលខែមីនា ក្នុងចន្លោះថ្ងៃទី១៩ ដល់ថ្ងៃទី២២ មីនា ដោយបានរឹបអូសគ្រឿងញៀនបានប្រមាណជិត១តោន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហាញថា ជនសង្ស័យជាជនជាតិវៀតណាម និងជនជាតិខ្មែរ ចំនួន៥នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ដោយអាជ្ញាធរបានរឹបអូសគ្រឿងញៀនបាន ៨៨៥គីឡូក្រាមនៅ៤ទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ។ តាមរយៈរបាយការណ៍ចំនួនពីរ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីសប្តាហ៍មុន បានឱ្យដឹងថានៅថ្ងៃទី២២មីនា ជនសង្ស័យជាជនជាតិខ្មែរប្រុស ស្រីចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន ព្រមទាំងរឹបអូសគ្រឿងញៀនជិត២០០គីឡូក្រាម។ របាយការណ៍ ឱ្យដឹងបន្តថា ជនសង្ស័យទាំង ៣នាក់ ដែលបានឃាត់ខ្លួនរួមមាន ទី១ឈ្មោះ សេង សុខទី ភេទប្រុស ទី២ឈ្មោះ ខៀវ ចិន្តា ភេទស្រី និងទី៣ឈ្មោះ ហេង គឹមលាង ភេទស្រី ខណៈការបង្រ្កាបបទល្មើសនេះធ្វើឡើង នៅខណ្ឌឫស្សីកែវ ក្នុងរាជធានីភ្នំពេញ។ ដោយឡែកនៅថ្ងៃទី១៩ ខែមីនា អាជ្ញាធរបានចុះបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ព្រមទាំងឃាត់ខ្លួនជនជាតិវៀតណាមបានចំនួន២នាក់ និងរឹបអូសគ្រឿងញៀនប្រមាណជិត ៧០០គីឡូក្រាម ហើយប្រតិបត្តិការនោះធ្វើឡើងនៅខណ្ឌដូនពេញ និងខណ្ឌបឹងកេងកងក្នុងរាជធានីភ្នំពេញផងដែរ។ របាយការណ៍បានឱ្យដឹងបន្ថែមថា បុរសជនជាតិវៀតណាមទាំងពីរនាក់មានឈ្មោះ NGUYEN HOAN DINH និងឈ្មោះ DUONG TIEN។

តាមការបញ្ជាក់ពី មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថាបន្ថែមថា ប្រភេទគ្រឿងញៀនដែលរឹបអូសបានជិត១តោននោះភាគច្រើនមាន៖ ប្រភេទ មេតំហ្វេតាមីន(ICE) និងប្រភេទ កេតាមីន (KETAMINE)។ បច្ចុប្បន្នក្រុមឈ្មួញជួញដូរនិងដឹកជញ្ជូនគ្រឿងញៀនទាំងនោះ ត្រូវបានអាជ្ញាធរបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់។ គួរឱ្យដឹងបន្ថែមថា បទល្មើសគ្រឿងញៀនបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅដើមឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យដឹងថា សមត្ថកិច្ចបង្ក្រាបបានការជួញដូរគ្រឿងញៀនជិត៧០០ករណី ព្រមទាំងឃាត់ខ្លួនមនុស្សជិត ៤ពាន់នាក់។ ការណ៍នេះបង្ហាញថា ក្នុងដើមឆ្នាំ២០២៤ ករណីបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់មានការកើនឡើង បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ កន្លងទៅ៕






