
រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៥ ខែមីនា បានឱ្យដឹងថា ជនសង្ស័យជាជនជាតិខ្មែរប្រុស-ស្រីចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀន បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានរឹបអូសគ្រឿងញៀនជិត២០០គីឡូក្រាមនៅពីរទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២២មីនា។

យោងតាមរបាយការណ៍របស់ មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងបន្តថា ជនសង្ស័យទាំង ៣នាក់ ដែលបានឃាត់ខ្លួនរួមមាន ទី១ឈ្មោះ សេង សុខទី ភេទប្រុស ទី២ឈ្មោះ ខៀវ ចិន្តា ភេទស្រី និងទី៣ឈ្មោះ ហេង គឹមលាង ភេទស្រី។ មន្រ្តីជំនាញឱ្យដឹងបន្ថែមថា ជនសង្ស័យ រួមទាំងគ្រឿងញៀនត្រូវបានបង្រ្កាប នៅដីឡូតិ៍បណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ និងមួយទីតាំងទៀត ស្ថិតនៅមុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ របាយការណ៍ដដែលបញ្ជាក់ថា គ្រឿងញៀនដែលរឹបអូសបានរួមមាន៖ ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ជាង១៨៣គីឡូក្រាម និងប្រភេទ មេតំហ្វេតាមីន(ICE) ទម្ងន់ជិត ២គីឡូក្រាម។ សរុបសារធាតុញៀនទាំងពីរប្រភេទមានចំនួន ១៨៥គីឡូ និង៨១៩.២០ក្រាម។

មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា បច្ចុប្បន្នជនល្មើសទាំង៣នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។សូមរំឭកថា កាលពីរសៀលនៅថ្ងៃទី២២ ខែមីនា មន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ឃាត់ខ្លួនជនជាតិវៀតណាមបានចំនួន២នាក់ ព្រមទាំងដកហូតគ្រឿងញៀនសរុបចំនួន៦៦៨គីឡូ៧២១០៥ក្រាម នៅខណ្ឌដូនពេញ និងខណ្ឌបឹងកេងកងក្នុងរាជធានីភ្នំពេញផងដែរ។ គួរឱ្យដឹងបន្ថែមថា បទល្មើសគ្រឿងញៀនតែងតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅដើមឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យដឹងថា សមត្ថកិច្ចបង្ក្រាបបានការជួញដូរគ្រឿងញៀនជិត៧០០ករណី ព្រមទាំងឃាត់ខ្លួនមនុស្សជិត ៤ពាន់នាក់។ ការណ៍នេះបង្ហាញថា ក្នុងដើមឆ្នាំ២០២៤ ករណីបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់មានការកើនឡើង បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ កន្លងទៅ៕




