
គុនខ្មែរ៖ ស្ថានីយទូរទស្សន៍ថោន បានរៀបចំខ្សែក្រវាត់ខ្សែក្រវាត់IPCC គុនខ្មែរ មួយគ្រឿង ដាក់ឱ្យទាយាទស្តេចប្រដាល់គុនខ្មែរ អេអាំម៉ារីន ភូថង និងកីឡាករ សាវីលីត ឌូរូហ្កាស្ទេវ savelit Dorogavtsev មកពីប្រទេសរុស្សី ដណ្តើម ក្នុងព្រឹត្តិការណ៍សេនាគុនខ្មែរយ័ន្ត៨ទិស នាថ្ងៃទី៣១មីនា ឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ។ តើកីឡាកររូបណា ជាម្ចាស់ខ្សែក្រវាត់គុនខ្មែរកម្រិតអន្តរជាតិមួយនេះ...?

បន្ទាប់ពីផ្តួលកីឡាករជើងខ្លាំងមកពីក្រៅប្រទេសជាច្រើននាក់ ពេលនេះ កីឡាករ អេអាំម៉ារីន ភូថង មានឱកាសឡើងប្រកួតដណ្តើមខ្សែក្រវាត់IPCC គុនខ្មែរកម្រិតអន្តរជាតិមួយរៀបចំដោយស្ថានីយទូរទស្សន៍ថោន ខណៈស្នៀតប្រយុទ្ធរបស់គេកាន់តែកាច់ និងមានអាវុធមុតស្រួចស្ទើរតគ្រប់ក្បាច់ទាំងអស់ មិនថា កែង ជង្គង់ ដាល់ ឬរន្ទះជើងនោះទេ គឺរូបគេអាចប្រើបច្ចេកទេសនៃស្នៀតប្រយុទ្ធផ្តួលដៃគូឱ្យបោះបង់ការប្រកួតបានទាំងអស់ ពោលគឺទាយាទស្តេចប្រដាល់គុនខ្មែររបស់លោក អេ ភូថង រូបនេះ មានគ្រប់គ្រឿងតែម្ដងលើមរតកនៃក្បាច់គុនខ្មែរ។ គេនៅចាំបានថា កីឡាករ អេ អាំម៉ារីនភូថង បានផ្តួលកីឡាករម្ចាស់ផ្ទះ គ្លីនតុន ឱ្យលោកអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតនៅទឹកទី៤ ក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់“គុនខ្មែរស៊ុបពើរហ្វៃត៍-BOB” ដណ្តើមបានខ្សែក្រវាត់គុនខ្មែរពិភពលោក ជាប្រវត្តិសាស្ត្រនៅលើទឹកដីអូស្ត្រាលី កាលពីនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទោះយ៉ាងណា ការប្រកួតដណ្ដើមខ្សែក្រវាត់ IPCC គុនខ្មែរ កម្រិតអន្តរជាតិនាថ្ងៃទី៣១មីនា ខាងមុខនេះ វាមិនងាយស្រួលពេកទេសម្រាប់កីឡាករ អេអាំម៉ារីន ភូថង ក្នុងការផ្ដួលដៃគូខ្លាំងមកពីរុស្សីម្នាក់នេះ ព្រោះកាលពីពេលថ្មីៗ កីឡាករ សាវីលីត ឌូរូហ្កាស្ទេវ បានផ្ដួលម្ចាស់ខ្សែក្រវាត់ Kun Khmer KKIF World Champion ចាន់ ប៊ុនហឿន ឱ្យដង្ហើមចង្រិតផងដែរ។ ដូច្នេះ អាចនិយាយបានថា ដៃគូកីឡាករ អេអាំម៉ារីន ភូថង ពិតជាគ្រោះថ្នាក់ខ្លាំងណាស់មិនអាចមើលស្រាលបានឡើយ ពិសេសអាវុធរបស់គេចេញបានវែង រហ័ស កែងក៏ល្អ ការវាយចេញទាំងដៃ និងជង្គង់សុទ្ធតែចំគោលដៅបានល្អណាស់ និងមានឯកទេសលើការប្រើកែងគុនខ្មែរ មិនចាញ់កីឡាករកម្ពុជាដែលជាម្ចាស់ក្បាច់គុនដើមប៉ុន្មានឡើយ..៕




