
គុនខ្មែរ៖ ព្រឹត្តិការណ៍ស្ដេចនាគទាំង៤ ប្រកួតម៉ារ៉ាតុនដណ្ដើមខ្សែក្រវាត់ IPCC Kun Khmer World Champion រៀបចំដោយស្ថានីយទូរទស្សន៍ថោន និងស្ថាប័នIPCC គុនខ្មែរប្រចាំប្រទេសកម្ពុជា ដែលប្រជុំទៅដោយជើងខ្លាំងមកពីប្រទេសទាំង៤ គឺ កម្ពុជាជាម្ចាស់ផ្ទះ ម៉ុងហ្គោលី មីយ៉ាន់ម៉ា និងចិន នឹងអង្រួនសង្វៀនប្រដាល់សេនាគុនខ្មែរយ័ន្ត៨ទិស នាថ្ងៃទី៣១មីនា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈអ្នកគាំទ្រកម្ពុជា បារម្ភពីស្តេចនាគកំណាចឆ្លងដែនមកពីប្រទេសម៉ុងហ្គោលី បាទើដេនី ណាំជីលម៉ា ដែលទើបដណ្តើមបានខ្សែក្រវាត់កម្រិតពិភពលោក I-1 មួយថៃ World Champion មកពីទីក្រុងហុងកុងថ្មីៗ...។

កីឡាករ ចាន់ រតនា គឺជាបេក្ខភាពស្តេចនាគរាជទី១ តំណាងឱ្យកម្ពុជា ដែលនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ IPCC Kun Khmer។ ការប្រកួតដ៏អស្ចារ្យ រវាងអ្នកលេងយុទ្ធគុនគ្រប់ទម្រង់ មិនថា គុនចម្រុះMMA, គុនល្បុក្កតោ, ឃីកបុកស៊ីង, គុនខ្មែរ, យុទ្ធគុនក្រមខម, ហាប់គីដូ, ចំបាប់, តេក្វាន់ដូ,និងវ៉ូវីណាមទេ រូបគេអាចប្រកួតបានទាំងអស់ ប៉ុន្តែគួរឱ្យស្ដាយប្រោះតែវិបត្តិកូវីដ-១៩ និងជម្លោះខ្មែរ-ថៃ រឿងក្បាច់គុនខ្មែរ នៅមួយរយៈចុងក្រោយនេះ ធ្វើឱ្យកីឡាករ ចាន់ រតនា បាត់បង់ឱកាសឡើងសង្វៀនប្រកួតទាំងក្នុងស្រុក និងនៅក្រៅប្រទេស នោះក៏ព្រោះតែរូបគេជាប់កុងត្រាជាមួយស្ថាប័ន One របស់ប្រទេសសិង្ហបុរី ដែលមានលោកឆាទ្រី ជាអ្នកចាត់ការទូទៅ។ ក្រោយផុតកុងត្រាភ្លាម កីឡាករ ចាន់ រតនា ទទួលបានឱកាសឡើងប្រកួតដណ្តើមមេដាយគុនល្បុក្កតោអន្តរជាតិមួយ នៃព្រឹត្តិការណ៍អ្នកលេងគុន និងបានយកឈ្នះពិន្ទុលើអ្នកលេងគុនល្បុក្កតោហ្វីលីពីន John Mc Leary Ornido នាថ្ងៃទី១៥ធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានកីឡាករ៥ប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រកួតរួមមាន៖ កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី។

ដោយឡែក ងាកមកមើលស្ដេចនាគសមុទ្ទតំណាងទិសខាងលិចមកពីប្រទេសមីយ៉ាន់ម៉ា កីឡាករ អេមវ៉េ វិញ គឺជាជើងខ្លាំងម្នាក់នៅភូមា និងគ្រងខ្សែក្រវាត់គុនឡេតវេយ៍ជាច្រើនគ្រឿងផងដែរ។ ចំណែក ស្ដេចនាគសមុទ្ទតំណាងទិសខាងជើងម៉ុងហ្គោលី បាទើដេនី ណាំជីលម៉ា ដែលទើបដណ្តើមបានខ្សែក្រវាត់កម្រិតពិភពលោក I-1 មួយថៃ World Champion មកពីទីក្រុងហុងកុងថ្មីៗ គឺជាបេក្ខភាពម្នាក់ដែលអ្នកគាំទ្រកម្ពុជាសម្តែងការព្រួយបារម្ភ ព្រោះស្នៀតប្រយុទ្ធ កម្លាំងសុហ្វ និងភាពធន់របស់កីឡាករមកពីដែនដីចក្រភពម៉ុងហ្គោលមួយនេះ មិនធម្មតានោះទេ ខណៈ ស្ដេចនាគសមុទ្ទចិនខាងកើត កីឡាករ កឺ ជីងជុន ក៏មិនធម្មតាដែរ ពោលគឺកីឡាករបរទេសទាំង៣នេះម្នាក់ៗ សុទ្ធតែមានខ្សែក្រវាត់គ្រងទាំងអស់គ្នា អត់តែកីឡាករកម្ពុជា ចាន់ រតនា តែប៉ុណ្ណោះដែលគ្មានខ្សែក្រវាត់គុនខ្មែរគ្រងនៅលើស្មារ ដូច្នេះ បើ ចាន់ រតនា ឈ្នះខ្សែក្រវាត់លើកនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់រូបគេហើយដែលអាចគ្រងខ្សែក្រវាត់គុនខ្មែរកម្រិតពិភពលោក ប៉ុន្តែវាហាក់ដូចជាមិនងាយស្រួលពេកទេ..។

សូមបញ្ជាក់ផងដែរថា ការប្រកួតម៉ារ៉ាតុនដណ្ដើមខ្សែក្រវាត់IPCC Kun Khmer World Champion រវាងស្ដេចនាគសមុទ្ទទាំង៤នេះ នឹងត្រូវចាប់ឆ្នោតជ្រើសរើសដៃគូប្រកួតនៅថ្ងៃទី៣០ ខែមីនាខាងមុខ ហើយការប្រកួតជាផ្លូវការ គឺនៅថ្ងៃទី៣១មីនាតែម្ដង។ ដូច្នេះ សម្រាប់ការបាត់មុខពីសង្វៀនជិតពីរឆ្នាំកន្លងមកនេះ តើ កីឡាករ ចាន់ រតនា នៅតែអាចបង្ហាញភាពខ្លាំងរបស់ខ្លួនទៀតដែរឬយ៉ាងណា? ខណៈប្រភពកៀកជិតនឹងរូបគេបានទម្លាយឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថា រូបគេមានឈ្មោះជាបេក្ខភាពដណ្តើមខ្សែក្រវាត់គុនខ្មែរកម្រិតពិភពលោកកីឡាករ ចាន់ រតនា បានប្រឹងប្រែងសម្រុកហ្វឹកហាត់ទ្វេដង ដើម្បីបង្កើតប្រនត្តិសាស្ត្រថ្មីឱ្យខ្លួនឯង ដូច្នេះ SBM News សូមជូនពរឱ្យ កីឡាករ ចាន់ រតនា ទទួលបានជោគជ័យនាការប្រកួតខាងមុខនេះ..៕






