ព្រោះជីវភាពទាល់ក្រ និងត្រូវចោរលួចរទេះដឹកអេតចាយ បុរសទុរគតជនវ័យ៦០ឆ្នាំម្នាក់តូចចិត្តនឹងវាសនាទិញស្រា-សផឹកខ្យល់-គរស្លា.ប់
ហ៊ែល កំសាន
21 មីនា 2024 08:25 AM

បន្ទាយមានជ័យ៖ បុរសវ័យ៦០ឆ្នាំម្នាក់ បានតូចចិត្តឆ្អិតទ្រូងដ្បិតបាត់រទេះដឹកអេតចាយមួយ ដែលជាមធ្យោបាយតែមួយគត់ក្នុងការរកប្រាក់ចិញ្ចឹមជីវិតដ៏កម្សត់របស់ខ្លួនដែលគ្មានកូនចៅផៅសណ្តានពឹងផ្អែក ក៏បានទៅទិញស្រា-សយកមកផឹករំសាយទុក្ខកង្វល់។ ប៉ុន្តែជាអកុសល បុរសទុរគតម្នាក់នោះបានបាត់បង់ជីវិតដោយអាការខ្យល់គរ កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិបាលិលេយ្យមួយ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមជួយសង្គ្រោះប៉ោយប៉ែតទាំងព្រឹក...។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានឱ្យដឹងថា បុរសទុរគតវ័យចំណាស់ដែលបានស្លាប់នេះ គឺជាមនុស្សមានអត្តចរិតល្អ មិនដែលបង្កភាពក្ដៅក្រហាយដល់អ្នកភូមិម្ដងណាឡើយ។ អ្នកភូមិតែងតែហៅគាត់ថា តាអេតចាយ ព្រោះមុខរបរគាត់មានតែមួយគត់ គឺការដើរប្រមូលទិញអេតចាយពីអ្នកភូមិជិតឆ្ងាយយកទៅលក់ឱ្យឈ្មួញ ដើម្បីបានប្រាក់បន្តិចបន្តួចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ដំណឹងមរណភាពរបស់តាអេតចាយ បានធ្វើឱ្យអ្នកភូមិគ្រប់គ្នារន្ធត់ចិត្ត និងមិននឹកស្មានថា តាអេតចាយមានអាយុខ្លីបែបនេះឡើយ ព្រោះគាត់ជាមនុស្សល្អមិនចេះយករបស់របរគេដូចក្មេងរើសអេតចាយផ្សេងទៀតទេ ហើយមានពេលខ្លះអ្នកភូមិបាននាំគ្នាហុចសម្លបាយ ឬនំចំណីផ្សេងៗឱ្យគាត់ពិសា ពេលគាត់អុសរទេះឆ្លងកាត់មុខផ្ទះម្ដងៗ មិនគួរណា គាត់ខ្យល់គរស្លាប់ម្នាក់ឯយ៉ាងអាណោចអាធម្មបែបនេះឡើយ។ ចំពោះសពបុរសវ័យចំណាស់ខាងលើ ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់នៅក្បែរបងថ្មផ្ទះមួយកន្លែង ស្ថិតនៅទីតាំងខាងលើ។ ក្រោយមក អ្នកភូមិបានរាយការណ៍ទៅកម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែត ឱ្យចុះមកពិនិត្យសាកសពជនរងគ្រោះ។ ជាលទ្ធផលបង្ហាញថា ជនរងគ្រោះអាចស្លាប់នៅពាក់កណ្តាលយប់អាធ្រាត្រ និងមិនមានស្លាកស្នាមអ្វីទេ ដែលអាចសន្និដ្ឋានបានថា ជនរងគ្រោះដេកស្លាប់ដោយសារខ្យល់គរ។ ក្រោយពីបានធ្វើកោសលវិច័យរួចរាល់ និងមិនមានសាច់ញាតិយកទៅធ្វើបុណ្យ សាកសពជនរងគ្រោះក៏ត្រូវបានក្រុមជួយសង្គ្រោះបឋមដឹកយកទៅវត្ត ដើម្បីបូជានាថ្ងៃដដែលនេះ។

គួរឱ្យដឹងដែរថា មួយរយៈពេលចុងក្រោយនេះ គេឃើញជនទុរគត អ្នកសុំទាន នៅតាមចិញ្ចើមផ្លូវជាច្រើននៅក្រុងប៉ោយប៉ែត ពិសេសនៅតាមកន្លែងស្ថានីយរទេះភ្លើង និងតំបន់អ្នកដំណើរចេញ-ចូលឆ្លងដែនទៅប្រទេសថៃ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ អ្នកសុំទានដែលមានាំទាំងចាស់-ក្មេង ខ្លះជាជនពិការ និងខ្លះមានជំងឺប្រចាំកាយផងនោះ បានលើកឡើងដូចៗគ្នាថា ពួកគេដើរសុំទានព្រោះតែជីវភាពទីទាល់ក្រ។ ពួកគេបានអះអាងពីការបន្តសុំទានតាមផ្លូវ ទោះត្រូវប្រឈមនឹងការដេញចាប់ពីអាជញាធរសមត្ថកិច្ចក៏ដោយ។ បន្ថែមលើនេះ ពួកគេភាគច្រើនលើកឡើងស្រដៀងៗគ្នាថា ប្រសិនបើមានការយកចិត្តទុកដាក់ពីអាជ្ញាធរលើការឧបត្ថម្ភទំនុកបម្រុងផ្សេងៗ ពួកគេនឹងមិនប្រកបរបរសុំទាននេះទៀតទេ៕ រាយការណ៍ដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត