ជីដូនវ័យជាង៩០ឆ្នាំម្នាក់​ អះអាងថាកូនចៅបោះបង់ចោល ខណៈអាជ្ញាធរមិនទាន់កំណត់ថាជាដំណឹងពិត ឬយ៉ាងណា
យិត​​ ស្រីល័ក្ខ
07 កុម្ភៈ 2023 11:00 AM

ខេត្តព្រះសីហនុ៖ ជីដូនវ័យជាង៩០ឆ្នាំម្នាក់ ដែលមានសភាពចាស់ជរា​ដើរមិនរួចជិះតែលើរទេះរុញ សង្ស័យថាត្រូវបានកូនចៅបោះបង់ចោល។

ក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថា ឃើញជីដូនម្នាក់នៅម្តុំឃ្លាំងលើ សង្កាត់លេខ១ អាជ្ញាធរមូលដ្ឋានក៏ចុះសាកសួរ​ ដោយបច្ចុប្បន្នត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ​​ យកគាត់ទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែ ​និងម្ហូបអាហារ។

ជីដូនរូបនេះអះអាងថា គាត់ត្រូវកូនចៅបោះបង់ចោលឱ្យ​ចេញពីផ្ទះ ប៉ុន្តែអាជ្ញាធរមិនទាន់កំណត់ថាជាដំណឹងពិត​ ឬបែបណានោះទេ ដោយនៅតែរង់ចាំដំណឹងពីកូនចៅ ឬសាច់ញាតិ។​ ជាមួយគ្នានោះអាជ្ញាធរព្យាយាមទូរសព្ទតាមលេខ ដែលមានជាប់នឹងខ្លួនលោកយាយ ស្វែងរកសាច់ញាតិក៏នៅតែមិនបានទទួលជោគជ័យ មិនឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញទេ។

នេះបើតាមការបញ្ជាក់ពី​លោកចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោយជំនួបរកដំណោះស្រាយ ក្រោមវត្តមានលោកស្រី ប្រាក់ ចន្ទ័សុខាក្នុងនាមសាខាកាកបាទក្រហមខេត្តព្រសីហនុ ព្រមទាំងវត្តមានថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីខេត្ត និងមន្ទីរអង្គភាពពាក់ពន្ធ័នៅសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ នាថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ 

គួរបញ្ជាក់ផងដែរ ការថែទាំលោកយាយចាប់តាំងពីយប់ថ្ងៃទី៥កុម្ភៈ បន្តរហូតមកដល់យប់ ថ្ងៃ៦កុម្ភៈ២០២៣ ក៏នៅតែមិនឃើញមានកូនចៅមកទទួលយក ទើបអាជ្ញាធររដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តព្រះសីហនុ  រៀបចំដោះស្រាយជាបណ្តោះអាសន្នបែបនេះ៕ រាយការណ៍ដោយ​៖​ លោក ភ័ក្រត្រា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត