
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា តាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានចុះជួបកម្មកររោងចក្រ Y&W ដើម្បីពន្យល់ពីឱកាសទទួលបានការងារថ្មី និងអត្ថប្រយោជន៍ ប.ស.ស ដែលកម្មករបន្តទទួលបាន។ ការណ៍នេះ កម្មករដែលត្រូវថៅកែរោងចក្រ Y&W រត់ចោល និងមិនបើកប្រាក់ខែឱ្យ ពេលនេះពួកគេនៅមិនទាន់ទទួលបានប្រាក់សំណងពីការលក់ឡៃឡុងទ្រព្យសម្បត្តិរបស់រោងចក្រនៅឡើយទេ...។

ក្រសួងឱ្យដឹងបន្តទៀតថា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជាង២៥០០កន្លែងជូនដល់កម្មករ-កម្មការិនីនៃរោងចក្រY & W ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានការងារធ្វើកាន់តែឆាប់រហ័ស និងបានចំណូលសម្រាប់ផ្គត់ផ្គង់ដោះស្រាយជីវភាពគ្រួសារជាបណ្តោះអាសន្ន ខណៈដំណោះស្រាយ និងនីតិវិធីមិនទាន់មាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យកម្មករនិយោជិតទាំងអស់មកទទួលសេវាជួយរកការងារធ្វើពី NEA ដើម្បីឱ្យអាចទទួលបានការងារថ្មីឆាប់រហ័ស និងទទួលបានប្រាក់ខែបន្តភ្លាមៗ។

គួរឱ្យដឹងថា កាលពីថ្ងៃទី៩មីនា មានកម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y&W GARMENT CO.,LTD) ប្រមាណជាង២ពាន់នាក់បានប្រមូលផ្តុំគ្នាបិទផ្លូវ នៅតាមបណ្តាយផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដោយធ្វើការតវ៉ានៅពីមុខរោងចក្រ និងបានដង្ហែក្បួនទៅក្រសួងការងារ គោលបំណងចម្បងរបស់ពួកគេដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួង ខណៈការទាមទារនោះបានធ្វើឡើងក្រោយភាគីរោងចក្រអះអាងថា ខ្លួនពុំមានលទ្ធភាពបង់សងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករឡើយ។ ដោយឡែក នៅថ្ងៃទី១២មីនា ក៏នៅមានកម្មករ៣០០នាក់ បាននាំគ្នាបាតុកម្មបិទផ្លូវម្ដងទៀត តែមានការជជែកសម្របសម្រួលពីភាគីក្រសួង ហើយក៏បំបែកការតវ៉ាវិញ៕




