អាជ្ញាធរមូលដ្ឋាន និងមន្ត្រីវប្បធម៌ខេត្តបន្ទាយមានជ័យ សម្តែងការសោកស្ដាយករណីអាជីវកម្មថ្ម[ភ្នំធំ] ខណៈអាជ្ញាធរក្រសួងថ្នាក់ជាតិពាក់ព័ន្ធថា ដឹងរឿងនេះមិនច្បាស់
អាន ប៊ុនរ័ត្ននៈ
18 មីនា 2024 11:15 AM

បន្ទាយមានជ័យ៖ បន្ទាប់ពីមានការរិះគន់ខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស លើករណីផ្តល់អាជ្ញាបណ្ណឱ្យធ្វើអាជីវកម្មថ្ម[ភ្នំធំ] ដែលជាភ្នំចុះបញ្ជីបេតិកភណ្ឌជាតិកាលពីឆ្នាំ២០១៦ ស្ថិតនៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី មានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ ពេលនេះអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមន្ត្រីវប្បធម៌ខេត្ត បានបង្ហាញពីការសោកស្ដាយចំពោះការផ្ដល់អាជ្ញាបណ្ណធ្វើអាជីវកម្មថ្ម[ភ្នំធំ]នេះ ខណៈអាជ្ញាធរក្រសួងថ្នាក់ជាតិពាក់ព័ន្ធឆ្លើយថា ដឹងរឿងនេះមិនទាន់ច្បាស់លាស់...។

លោក ម៉ន ហួង មេភូមិភ្នំធំខាងជើង
លោក ម៉ន ហួង មេភូមិភ្នំធំខាងជើង

លោក ម៉ន ហួង មេភូមិភ្នំធំខាងជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News ថា លោកមានការសោកស្តាជាពន់ពេកណាស់ចំពោះការបាត់បង់សម្បត្តិបេតិកភណ្ឌជាតិ ដែលមានដូចជា ល្អាងប្រចៀវ, ល្អាងថ្មស្រក់ និងល្អាងទឹក នៅក្នុងតំបន់ភ្នំប្រវត្តិសាស្ត្រ[ភ្នំធំ] ខណៈម្ចាស់អាជីវកម្មធ្វើសកម្មភាពកាយយកថ្មភ្នំលក់ជារៀងរាល់ថ្ងៃ។ ក្នុងនាមលោកជាមេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃឃុំអូរប្រាសាទ មិនអាចធ្វើអ្វីបានក្រៅតែពីឈរសម្លឹងមើលភ្នំក្នុងក្ដីសង្វេគចិត្តប៉ុណ្ណោះ ព្រោះក្រុមហ៊ុនធ្វើអាជីវកម្មធំៗទាំង៤ដែលរួមមាន៖ទី១.ក្រុមហ៊ុនកូណៃ, ទី២.ក្រុមហ៊ុន ណុប ទូច, ទី៣ក្រុមហ៊ុន លឹម សេង និងទី៤.ក្រុម អ៊ិត លឿ សុទ្ធតែអះអាងថា មានអាជ្ញាបណ្ណអនុញ្ញាតធ្វើអាជីវកម្មចេញពីក្រសួងថ្នាក់ជាតិទាំងអស់ ដូច្នេះ ក្នុងនាមលោកជាមន្ត្រីថ្នាក់ក្រោម គឺគ្មានសិទ្ធិអំណាចអ្វីទៅប្រឆាំងនឹងសេចក្ដីសម្រេចរបស់ថ្នាក់ជាតិឡើយ ពោលគឺបានត្រឹមតែសោកស្ដាយបេតិកភណ្ឌដែលកំពុងទទួលរងនូវការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញប៉ុណ្ណោះ។

លោក ម៉ន ហួង មេភូមិភ្នំធំខាងជើង និងលោក ង៉ែត យាន សមាជិកក្រុមប្រឹក្សាឃុំអូរប្រាសាទ
លោក ម៉ន ហួង មេភូមិភ្នំធំខាងជើង និងលោក ង៉ែត យាន សមាជិកក្រុមប្រឹក្សាឃុំអូរប្រាសាទ

លោក ង៉ែត យាន សមាជិកក្រុមប្រឹក្សាឃុំអូរប្រាសាទ បានឱ្យដឹងថា ចំពោះបញ្ហាភ្នំធំនេះ ជាចំណុចរសើបមួយដែលមន្ត្រីរាជការមួយចំនួន រួមទាំងលោកផង មានការពិបាកនឹងបរិយាយលើការផ្ដល់អាជ្ញាបណ្ណពីថ្នាក់ក្រសួង ឱ្យមកម្ចាស់អាជីវកម្មទាំង៤ខាងលើនេះណាស់ ព្រោះអាចប្រឈមនឹងរឿងផ្សេងៗ។ មែនទែនទៅ កន្លងមកមានពាក្យបណ្តឹងពីប្រជាពលរដ្ឋមួយមួយចំនួនលើផលប៉ះពាល់នៃការធ្វើអាជីវកម្មដោយការចុចបំផ្ទុះថ្មភ្នំ ហើយអំបែងថ្មបានជះខ្ទាតទៅប៉ះដំបូលអាគារសាលារៀនរបស់សិស្ស និងផ្ទះសម្បែងប្រជាពលរដ្ឋទាំង៦ភូមិនៅជាប់នឹងបរិវេណភ្នំ។ បន្ថែមលើនេះ ប្រជាពលរដ្ឋក៏ទទួលរងផលប៉ះពាល់ពីការហុយធូលីនៃបំណែកថ្មម៉ាស៊ីនកិនបំបែប និងផ្សែងធូលីពេលរថយន្តធ្វើអាជីវកម្មដឹកថ្មចេញចូលឆ្លងកាត់ផ្ទះអ្នកភូមិ នេះនិយាយដាច់ដោយឡែកចំពោះផលប៉ះពាល់លើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បើនិយាយពីផលប៉ះពាល់ជារួមវិញ ការធ្វើអាជីវកម្មថ្ម[ភ្នំធំ]នេះ គឺប៉ះពាល់យ៉ាងខ្លាំងទៅដល់សម្បត្តិបេតិកភណ្ឌជាតិ ដែលបានចុះបញ្ជីដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ហើយមានការត្រួតពិនិត្យពីក្រសួងបរិស្ថានផងដែរ។

ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោក ង៉ែត យាន បន្តថា ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំអូរប្រាសាទ ស្ទើរតែទាំងអស់ រួមទាំងលោកផង សោកស្ដាយគ្មានអ្វៅមកបរិយាយឱ្យសក្តិសមទេ នូវពេលដែលល្អាងបុរាណធម្មជាតិចំនួន៣សំខាន់ៗ ត្រូវបានរលាយបាត់ស្រមោលពីផែនដី ព្រោះតែការធ្វើអាជីវកម្មយកថ្ម ក្នុងនោះ ល្អាងកីតម្បាញមួយទៀតដែលអាជ្ញាធរក្រសួង-មន្ទីរពាក់ព័ន្ធចុះមកបោះបង្គោលព្រំហាមឃាត់ការធ្វើអាជីវកម្ម ក៏ប្រឈមនឹងការខូចខាត ឬបាត់បង់នាពេលអនាគតដែរ ព្រោះការចុចកម្ទេចថ្មម្ដងៗ តំបន់ល្អាង និងផ្ទះប្រជាពលរដ្ឋក្បែរជើងភ្នំរង្គើគួរឱ្យព្រួយបារម្ភ ឯផ្លូវបុរាណចាស់ កសាងដោយព្រះតេជព្រះគុណ រស់ សុមាលី ព្រះចៅអធិការវត្តមហាគិរីប្រាសាទភ្នំធំ និងលោកតា យ៉ង់ យុទ្ធ ហៅតាចក់ រស់នៅភូមិអូរស្ងួតជាអ្នកជួលជាងធ្វើដោយខ្លួនឯងដើម្បីការពារល្អាងប្រវត្តិសាស្ត្រមួយនេះ ក៏មានចំណោទចោទខ្លាំងពិបាកធ្វើដំណើរឡើងទៅលេងកម្សាន្តដែរ បូករួមទាំងប្រជាពលរដ្ឋភ័យខ្លាចមានគ្រោះថ្នាក់ពេលគេចុចបំផ្ទុះថ្មភ្នំ​ម្ដងៗផងនោះ ល្អាងកី កាន់តែស្ងាត់ជ្រងំពីមួយថ្ងៃទៅមួយថ្ងៃ។ លោក និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអូរប្រាសាទ មានគម្រោងស្នើសុំអាជ្ញាធរខេត្ត ធ្វើផ្លូវថ្មីឡើងទៅល្អាងកីមួយខ្សែទៀត តាមបទដ្ឋានបច្ចេកទេសឱ្យមានជម្រាលតាមស្ដង់ដារ តាមរយៈការរៃអង្គាសប្រាក់គ្នាកសាង ព្រោះផ្លូវចាស់ពុំមានលក្ខណៈស្ដង់ដារ ប៉ុន្តែសំណើនេះ នៅមិនទាន់ទទួលបានការឯកភាពពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធឡើយ។

លោក យ៉ង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត (រូបកណ្តាល)
លោក យ៉ង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត (រូបកណ្តាល)

ដោយឡែក ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ SBM News តាមទូរសព្ទនៅរសៀលថ្ងៃច័ន្ទទី១៨មីនា ឆ្នាំ២០២៤នេះថា ចំពោះបញ្ហាខាងលើ ឯកឧត្តមក្តាប់ព័ត៌មានមិនច្បាស់ទេ ដូច្នេះ ឯកឧត្តមសូមបង្វែរការបំភ្លឺជុំវិញករណីខាងលើ ជូនទៅលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យជំនួសវិញ។ លោក យ៉ង់ តាំងគួយ ប្រធានមន្ទីរបានឱ្យដឹងថា [ភ្នំតូចភ្នំធំ]​ បានចុះបញ្ជីបេតិកភណ្ឌជាតិហើយ កាលពីឆ្នាំ២០១៦ ដោយភ្នំធំមានទំហំផ្ទីដី១៩ហិកតា បោះបង្គោលព្រំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រោមការណែនាំ និងដឹកនាំពីលោកជំទាវសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង[ភ្នំតូច] បានរៀបចំជាតំបន់ការពារបរិស្ថាន ដោយក្រសួងបរិស្ថានផ្ទាល់ ហើយពេលនេះភ្នំតូចពុំមានហានិភ័យទៀតទេ ព្រោះអាជីវកម្មមួយចំនួនត្រូវបានហាមឃាត់។

ឯកឧត្តម ខ្វៃ អាទិត្យា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន
ឯកឧត្តម ខ្វៃ អាទិត្យា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន

លោកប្រធានមន្ទីរបញ្ជាក់បន្ថែមថា [ភ្នំធំ] គឺជារឿងដែលពិបាក ព្រោះមកដល់ពេលនេះតំបន់ល្អាងបេតិកភណ្ឌជាតិមួយចំនួននៅក្នុងភ្នំធំត្រូវបានខូចខាត ពោលគឺនៅសល់តែល្អាងកីតម្បាញមួយ ដែលលោកបានចុះទៅបោះបង្គោលការពារមិនឱ្យមានការចូលធ្វើអាជីវកម្មបន្តទៀត។ កន្លងមក លោកបានចុះទៅត្រួតពិនិត្យ២-៣ដងដែរ គឺល្អាងកីតម្បាញ នៅមិនទាន់មានការបំពានចូលដល់ទេ លោកមានការសោកស្ដាយជាខ្លាំង ប៉ុន្តែមិនដឹងធ្វើម៉េច បើខាងក្រុមហ៊ុនធ្វើអាជីវកម្មយកថ្ម គេមានអាជ្ញាបណ្ណពីក្រសួង អ៊ីចឹងហើយបានជាលោកព្យាយាមការពារល្អាងកីតម្បាញមួយដែលនៅសល់ តាមរយៈការបោះបង្គោលការពារមិនឱ្យជ្រៀតចូលបន្តទៀតនេះឯង។ ជាមួយគ្នា ឯកឧត្តម ខ្វៃ អាទិត្យា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការសាកសួររបស់អង្គភាពសារព័ត៌មាន SBM News ដែលបានខលទៅសម្ភាសនៅរសៀលថ្ងៃដដែលនេះទេ ដោយឯកឧត្តមបញ្ជាក់ថា សុំពិនិត្យសិក្សាមើលរឿងនេះជាមុនសិន និងផ្តល់ព័ត៌មានជូនវិញនៅពេលក្រោយ។ ចំណែក ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ អង្គភាពសារព័ត៌មាន SBM News មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរសព្ទខលចូល ប៉ុន្តែគ្មានអ្នកទទួល...៕

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ
ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ
ភ្នំធំ មើលពីលើអាកាស
ភ្នំធំ មើលពីលើអាកាស
សកម្មភាពអាជីវកម្មថ្មភ្នំធំ
សកម្មភាពអាជីវកម្មថ្មភ្នំធំ
សកម្មភាពអាជីវកម្មថ្មភ្នំធំ
សកម្មភាពអាជីវកម្មថ្មភ្នំធំ
ល្អាងកីតម្បាញ
ល្អាងកីតម្បាញ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត