
ក្រុងសៀមរាប៖ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្ដោតសំខាន់ដើម្បីពិនិត្យទៅលើកិច្ចការងារមួយចំនួន ជាពិសេស ពាក់ព័ន្ធនឹងផែនការជំរុញវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ស្របពេលភ្ញៀវទេសចរដែលបានចូលទៅទស្សនាតំបន់អង្គរ មានការធ្លាក់ចុះ…។

ថ្លែងចំពោះមុខសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាពេលថ្មីៗនេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានពន្យល់ថា ជុំវិញបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ បណ្ដាលមកពីកត្តាចម្បងពីរ គឺស្ថានភាពជម្លោះភូមិសាស្ត្រនយោបាយពិភពលោក និងការចូលដល់រដូវកាលទេសចរណ៍កម្រិតទាប (Green Season)។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការជំរុញកំណើនទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងកម្មវិធីទាក់ទាញនានាជាបន្តបន្ទាប់។

សូមជម្រាបថា វិស័យទេសចរណ៍នៅតំបន់អង្គរ នៅតែប្រឈមនឹងការថយចុះទាំងចំនួនភ្ញៀវ និងចំណូលក្នុងឆ្នាំ២០២៦ បើទោះបីជាតំបន់បេតិកភណ្ឌពិភពលោកមួយនេះ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេស។ ជាក់ស្តែង ទាំងចំនួនភ្ញៀវ និងចំណូលនៅរមណីយដ្ឋានអង្គរ បន្តធ្លាក់ចុះជាង២៧ទៅជិត៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ ពេញមួយខែឧសភា មានភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រមាណជាង៣ម៉ឺននាក់ គិតជាទឹកប្រាក់ពីការលក់សំបុត្រប្រមាណជា១លានដុល្លារអាម៉េរិក ថយចុះ២៧,៦៨ភាគរយបើធៀបឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីថ្ងៃទី១មិថុនា៕



