តំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹងសៀមរាប ត្រូវបានជ្រើសរើសសម្រាប់អនុវត្តវិធីសាស្ដ្រទីក្រុងឆ្លាតវៃ
S
Soriya Sou
29 មេសា 2026 10:09 AM

ក្រុងសៀមរាប៖ តំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹងសៀមរាប ត្រូវបានជ្រើសរើសជាគោលដៅអាទិភាព សម្រាប់ការអនុវត្តវិធីសាស្ដ្រទីក្រុងឆ្លាតវៃ (Smart City) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងក្រុង សម្រាប់ដំណាក់កាលទី២…។

យន្តការនេះ ត្រូវបានលើកយកមកពិភាក្សាយ៉ាងលម្អិត ក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោក កាណាហ្កាវ៉ាក់ ម៉ាកូតុ នាយកជាន់ខ្ពស់ក្រុមទី៣ នៃក្រុមអភិវឌ្ឍន៍ទីក្រុង និងតំបន់នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្ដាល JICA។ លោក កាណាហ្កាវ៉ាក់ ម៉ាកូតុ បញ្ជាក់ថា គម្រោងអនុវត្តវិធីសាស្ដ្រទីក្រុងឆ្លាតវៃ ជំហានទី២ គឺការអនុវត្តវិធីសាស្ដ្រផ្អែកលើតំបន់ហៅថា «យុទ្ធសាស្ត្រកំណើនទីក្រុងឆ្លាតវៃរំដួល» ដោយផ្តោតលើតំបន់ចំនួន២ គឺតំបន់ផ្លូវផាប់ស្ទ្រីត និងតំបន់មាត់ស្ទឹង ខណៈក្នុងតំបន់នីមួយៗនឹងអនុវត្តសកម្មភាពចាំបាច់នានា ដើម្បីធ្វើឱ្យមានភាពទាក់ទាញ និងជាទីរីករាយសម្រាប់ការដើរកម្សាន្តនៃភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។

សកម្មភាពភាពដែលត្រូវអនុវត្តក្នុងតំបន់ទាំងពីររួមមាន៖ ការត្រួតពិនិត្យចរាចរណ៍, ការផ្សព្វផ្សាយតាមបណ្ដាញសង្គម, វិធីសាស្ដ្រធ្វើឱ្យតំបនដងស្ទឹងមានភាពបៃតង, កម្មវិធីជំរុញការដើរកម្សាន្តក្នុងក្រុង, ផ្ទាំងបង្ហាញឌីជីថល, កម្មវិធីគ្រប់គ្រងអ្នកលក់ដូរតាមទីសាធារណៈ, ការឆ្លើយតបអគ្គិភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ។ លោក ប្រាក់ សោភ័ណ មានប្រសាសន៍ថា តាមរយៈការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃការជួយរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃទាំងក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២ ពីសំណាក់ប្រទេសជប៉ុន តាមរយៈ JICA មិនត្រឹមតែរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយលើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ឱ្យសក្ដិសមជា «ទីក្រុងឆ្លាតវៃអាស៊ាន» ក៏ដូចជាចូលរួមលើកកម្ពស់នូវសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការជំរុញលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប 
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប 

លោកសង្ឃឹមថា ក្រៅតែជាទីរីករាយសម្រាប់ការដើរកម្សាន្តនៃភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ការអនុវត្តវិធីសាស្ដ្រទីក្រុងឆ្លាតវៃ ជំហានទី២ នឹងជួយកាត់បន្ថយអត្រាអ្នកស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងសៀមរាប។ ព្រមជាមួយគ្នានេះ អាចប្រែក្លាយរដ្ឋបាលខេត្តសៀមរាប ទៅជារដ្ឋបាលដែលជាទីតាំងចែករំលែកនូវបទពិសោធល្អៗ និងជោគជ័យក្នុងការអនុវត្តគម្រោងទីក្រុងឆ្លាតវៃទៅកាន់បណ្តាខេត្ត-រាជធានីរបស់កម្ពុជា ក៏ដូចជាទៅកាន់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានផងដែរ៕

លោក កាណាហ្កាវ៉ាក់ ម៉ាកូតុ នាយកជាន់ខ្ពស់ក្រុមទី៣ នៃក្រុមអភិវឌ្ឍន៍ទីក្រុងនៃទីស្នាក់ការកណ្ដាល JICA។
លោក កាណាហ្កាវ៉ាក់ ម៉ាកូតុ នាយកជាន់ខ្ពស់ក្រុមទី៣ នៃក្រុមអភិវឌ្ឍន៍ទីក្រុងនៃទីស្នាក់ការកណ្ដាល JICA។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត