
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីចរាចរណ៍ទូទាំងប្រទេស ត្រួតពិនិត្យលើរថយន្តទាំងឡាយណាដែលបំពាក់ស៊ីផ្លេខ្យល់ខុសបច្ចេកទេស ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ។ ការដាក់បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលធ្វើឡើង ក្រោយផ្ទុះសកម្មភាពយុវជន យុវនារី និងក្មេងៗ ជ្រួលជ្រើមរាំតាមគ្នាអមដងផ្លូវ តាមចង្វាក់ស៊ីផ្លេរបស់រថយន្តដោយគ្មានភ័យព្រួយពីគ្រោះថ្នាក់អ្វីបន្តិចសោះឡើយ។

យោងតាមសំណេរមួយផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចនាយករដ្ឋមន្រ្តី ឱ្យដឹងថា ទោះជាកន្លងមកមន្រ្តីចរាចរណ៍ អាជ្ញាធរពាក់ព័ន្ធទូទាំងប្រទេស បានចាត់វិធានការ ទៅលើអ្នកបើកបររថយន្តធំដែលបំពាក់ស៊ីផ្លេកែច្នៃខុសបច្ចេកទេស ព្រមទាំងបានណែនាំដល់យុវជន យុវនារី និងក្មេងៗឱ្យបញ្ឈប់សកម្មភាពទាំងហើយក្ដី។ ប៉ុន្តែវិធានការនេះ នាយករដ្ឋមន្រ្តីថា ហាក់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ ទន្ទឹមនឹងនោះ ដើម្បីការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ប្រមុខរដ្ឋាភិបាល បានប្រគល់ភារកិច្ចដល់ គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ រួមទាំងអ្នកបើកបររថយន្តទាំងអស់ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ។ សម្តេចនាយករដ្ឋមន្រ្តី ក៏ស្នើដល់អាណាព្យាបាល ត្រូវចេះណែនាំកូនៗរបស់ខ្លួន ឱ្យបញ្ឈប់សកម្មភាពរាំអមដងផ្លូវ តាមចង្វាក់ស៊ីផ្លេរបស់រថយន្ត ជៀសវាងគ្រោះកើតឡើងជាយថាហេតុ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ គួររំឭកថា កាលថ្ងៃទី១៤មីនា មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ បានអនុវត្តច្បាប់ដោយផាកពិន័យទៅលើរថយន្ត៨គ្រឿង បំពាក់ឧបករណ៍បំពងសំឡេង ស៊ីផ្លេរខ្យល់ ខុសពីលក្ខណទ្រងទ្រាយដើមយានយន្ដ។ ការផាកពិន័យនេះ ជាការព្រមានទៅដល់ម្ចាស់យានយន្តដទៃទៀតឱ្យមានការកែតម្រូវ ព្រោះការតុបតែងរថយន្តខុសលក្ខណបច្ចេកទេស ប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈសង្គម ពិសេសបង្កការរំខានដល់អ្នកធ្វើដំណើរលើដងផ្លូវសាធារណៈទៀតផង៕





