
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី១៤មីនា បានគូសបញ្ជាក់ពីសារសំខាន់នៃការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងបានជំរុញឱ្យយុវជនជំនាន់ថ្មីសហការគ្នាបង្កើនស្នារដៃដែលមានតម្លៃបន្ថែមទៀត សម្រាប់រក្សាទុកសមិទ្ធផលទៅមនុស្សជំនាន់ក្រោយបន្តទៀត។ សម្តេចនាយករដ្ឋមន្រ្តីថ្លែងបែបនេះអំឡុងពេលអញ្ជើញជាអធិបតីក្នុង «ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤» នៅឯសណ្ឋាគារសុខាភ្នំពេញ។

ក្រៅតែពីការលើកឡើងពីសារសំខាន់របស់យុវជនដែលជាចំណុចស្នូលនៃការអភិវឌ្ឍប្រទេសជាតិសម្តេចនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ស.ស.យ.ក ត្រូវខិតខំស្វះស្វែងរកវិធីសាស្ដ្រប្រកបដោយគំនិតច្នៃប្រតិដ្ឋខ្ពស់ ដើម្បីអាចបំផុសទៅដល់យុវជនឱ្យចូលរួមក្នុងបុព្វហេតុជាតិ ដោយកាន់ដៃសាមគ្គីគ្នាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន ព្រមទាំងរួមគ្នាកសាងសង្គមមួយនេះឱ្យពោរពេញដោយសង្គម មានឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និងមានផលិតភាពការងារខ្ពស់ ដែលជាគន្លឹះដើម្បីសម្រេចគោលដៅសេដ្ឋកិច្ចជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីនោះសម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងពីគុណូបការៈ និងសម្តែងការដឹងគុណប្រកបដោយក្ដីកតញ្ញូដ៏ជ្រាលជ្រៅបំផុតជូនចំពោះអតីតយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តតស៊ូលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដោយបានចាប់ផ្តើមចលនាតស៊ូរំដោះជាតិ ដើម្បីសង្រ្គោះប្រទេសកម្ពុជាឱ្យផុតពីជ្រោះមរណៈ ហើយបានបន្តការពារ ស្តារ និងអភិវឌ្ឍប្រទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ។

គួរឱ្យដឹងថា យុវជនមិនត្រឹមតែជាអនាគតរបស់ប្រទេសមួយប៉ុណ្ណោះទេ។ ប៉ុន្តែពួកគេជាកម្លាំងចលករដ៏មានសារសំខាន់សម្រាប់កម្ពុជានាថ្ងៃអនាគតក្នុងការជំរុញការកសាងសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង និងសង្គមឌីជីថល ដោយសារពួកគេជាកម្លាំងពលកម្មសកម្មដ៏មានសក្តានុពល និងជាក្រុមមនុស្សដែលងាយក្នុងការសម្របខ្លួនទៅនឹងបរិបទថ្មីៗ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕



