ប្រមុខរដ្ឋាភិបាលថា មន្ទីរពេទ្យតេជោសែនកោះធំ ទំនើបហើយពលរដ្ឋ៦០ម៉ឺននាក់នៃខេត្តចំនួនពីរនឹងទទួលបានការព្យាបាលប្រកបដោយគុណភាព
ហ៊ែល កំសាន
13 មីនា 2024 09:30 AM

ខេត្តកណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣មីនា មានប្រសានស៍ថា ការសម្រេចបាននូវមន្ទីរពេទ្យ តេជោសែន កោះធំ នឹងអនុញ្ញាតឱ្យពលរដ្ឋទទួលបាននូវបទពិសោធថ្មី តាមរយៈមកទទួលយកសេវាថែទាំសុខភាពនៅមន្ទីរពេទ្យរដ្ឋ ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្របតាមកម្រិតស្ដង់ដារ ដែលអាចបំពេញតម្រូវការថែទាំសុខភាពពលរដ្ឋបានច្រើនប្រភេទ ដូចជាសេវាពិគ្រោះជំងឺ​ សេវាអប់រំលើកកម្ពស់សុខភាព និងបង្ការជំងឺ សេវាធ្វើរោគវិនិច្ឆ័យ និងសេវាសម្រាកព្យាបាលនិងថែទាំ។ សម្តេចនាយកដ្ឋមន្រ្តី ថ្លែងបែប​នេះអំឡុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យតេជោសែន កោះធំ» ​ស្ថិតនៅខេត្តកណ្តាល។

សម្តេចនាយករដ្ឋមន្រ្តីថ្លែងបន្តថា មន្ទីរពេទ្យ តេជោសែន កោះធំ នឹងផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រមាណ ៦០ ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី បានសាទរចំពោះសមិទ្ធផលថ្មីនេះ សម្រាប់ជូនដល់ប្រជាជនក្នុងខេត្កកណ្តាល នាទិសនិរតី នៃកម្ពុជា ក៏ដូចជាទូទាំងប្រទេស ក្រោមគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសុខាភិបាល រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ក្រុមគ្រូពេទ្យជំនាញ និងសម្ភារបរិក្ខាប្រកបដោយគុណភាព ទៅដល់មូលដ្ឋានរបស់ប្រជាជន ដើម្បី​លើក​​កម្ពស់​សេវាពិនិត្យ ព្យាបាល និងការពារអាយុជីវិតប្រជាជន​ឱ្យកាន់តែល្អ​ប្រសើរ។

គួរឱ្យដឹងថា មន្ទីរពេទ្យតេជោសែនកោះធំ មានតម្លៃ ១០លានដុល្លារអាម៉េរិក ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ មន្ទីរពេទ្យនេះ បានសាងសងលើផ្ទៃដីប្រមាណ ១,៣ហិកតា ដែលមានអគារថ្មីចំនួន ៣ខ្នង ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ ​បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ ដើម្បីបម្រើការព្យាបាលអ្នកជំងឺ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត