ក្រសួងការងារស្នើកម្មកររោងចក្រ Y&W អត់ធ្មត់សិនខណៈក្រសួងកំពុងដាក់លក់ឡៃឡុងទ្រព្យសម្បត្តិរោងចក្រ
ហ៊ែល កំសាន
13 មីនា 2024 06:00 AM

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជជីវៈ កាលពីថ្ងៃទី១២មីនា បានជូនដំណឹងជាលើកទី២ ដោយបង្ហាញពីដំណោះស្រាយថ្មី ក្រោយសាលាដំបូងរាជធានីភ្នំពេញ ចេញដីការរឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិរបស់រោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y&W Garment) តាមការប្តឹងរបស់ក្រសួង ដើម្បីយកលក់ឡៃឡុងទូទាត់ប្រាក់ជូនកម្មករ និយោជិតនៃក្រុមហ៊ុន ។

យោងតាមការជូនដំណឹងនោះបន្ថែមថា បន្ទាប់ពីក្រសួងបានស្នើទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកទ្រព្យសម្បត្តិ ទាំងអស់របស់រោងចក្រ យកទៅលក់ សម្រាប់ទូទាត់ជូនកម្មករ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន តាមការស្នើរបស់ក្រសួងការងារ។ យ៉ាងណាក្រសួងនឹងជូនដំណឹងជាថ្មីម្ដងទៀត ពេលការដាក់លក់ទ្រព្យសម្បត្តិរបស់រោងចក្រត្រូវបានកំណត់ជាក់លាក់។ ជាថ្មីម្ដងទៀតក្រសួងនៅតែទទូចឱ្យកម្មករ និយោជិតទាំងអស់ឱ្យរក្សាភាពនឹងនរ និងកុំមានការព្រួយបារម្ភទៅនឹងការបាត់បង់នូវអត្ថប្រយោជន៍ ប.ស.ស ដែលរួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ ដោយក្រសួងបញ្ជាក់ថា កម្មករនិយោជិតនៅតែអាចទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. បានធម្មតា រហូតដល់រយៈពេល៣ខែឯណោះ។ ជាមួយគ្នានេះដែរ ក្រសួងក៏បញ្ជូនទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅផ្តល់ ការងារថ្មី ជូនដល់កម្មករភ្លាមៗ ដើម្បីទទួលបានប្រាក់ខែ អំឡុងពេលរង់ចាំការលក់ទ្រព្យសម្បត្តិរបស់រោងចក្រ។ បន្ថែមលើនេះ អាជ្ញាធរដែនដីក៏បានស្នើទៅដល់ម្ចាស់ផ្ទះជួលទាំងអស់ ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះផងដែរ។ ចំពោះថៅកែរោងចក្រ ក្រសួងនឹងធ្វើការជាមួយអាជ្ញាធរដើម្បីនាំខ្លួនឱ្យមកទទួលខុសត្រូវ ដោះស្រាយកាតព្វកិច្ចផ្សេងៗ ដែលមាននៅប្រទេសកម្ពុជា ឱ្យខាងតែបាន។ រីឯបុគ្គលដែលព្យាយាមនិយាយបំភ្លើសព័ត៌មានក្នុងចេតនាញុះញង់ក្រសួងក៏នឹងមិនលើកលែងឱ្យនោះដែរ។

គួរឱ្យដឹងថា កាលពីថ្ងៃទី៩មីនា មានកម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាយ & ដាប់បែលយូ ហ្គាមេន( Y & W GARMENT CO.,LTD) ប្រមាណជាង២ពាន់នាក់បានប្រមូលផ្តុំគ្នាបិទផ្លូវ នៅតាមបណ្តាយផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដោយធ្វើការតវ៉ានៅពីមុខរោងចក្រ និងបានដង្ហែក្បួនទៅក្រសួងការងារ គោលបំណងចម្បងរបស់ពួកគេដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួង ខណៈការទាមទារនោះបានធ្វើឡើងក្រោយភាគីរោងចក្រអះអាងថា ខ្លួនពុំមានលទ្ធភាពបង់សងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករឡើយ។ ដោយឡែក​នៅថ្ងៃទី១២មីនា ក៏នៅមានកម្មករ៣០០នាក់ បាននាំគ្នាបាតុកម្មបិទផ្លូវម្ដងទៀត តែមានការជជែកសម្របសម្រួលពីភាគីក្រសួង ហើយក៏បំបែកការតវ៉ាវិញ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត