
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមប្រទេសG7 បានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបជាមួយនឹងការពិន័យថ្មីធ្ងន់ធ្ងរ ដែលអាចរាប់បញ្ចូលទាំងការហាមប្រាមការហោះហើររបស់ជើងហោះហើរអ៊ីរ៉ង់ទៅកាន់អឺរ៉ុប ប្រសិនបើអ៊ីរ៉ង់នៅតែបន្តការបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយជិតទៅកាន់ប្រទេសរុស្ស៊ី។ នេះបើតាមមន្រ្តីជាន់ខ្ពស់អាម៉េរិក បានអះអាងកាលពីថ្ងៃសុក្រទី១៥ ខែមីនា។

មន្ត្រីរូបនេះបានអត្ថាធិប្បាយនៅពេលដែលសហរដ្ឋអាម៉េរិក បានចូលរួមជាមួយសម្ព័ន្ធមិត្តG7 ចំនួនប្រាំមួយរបស់ខ្លួនក្នុងការចេញសេចក្តីថ្លែងការណ៍ព្រមានអ៊ីរ៉ង់ប្រឆាំងនឹងការបញ្ជូនមីស៊ីលទៅកាន់ប្រទេសរុស្ស៊ី ឬផ្សេងទៀតប្រឈមនឹងផលវិបាក។ សេចក្តីថ្លែងការណ៍របស់G7 បានបង្ហាញថា៖«ប្រសិនបើអ៊ីរ៉ង់ បន្តផ្តល់មីស៊ីលផ្លោង ឬបច្ចេកវិទ្យាដែលពាក់ព័ន្ធដល់ប្រទេសរុស្ស៊ី ពួកយើងបានត្រៀមខ្លួនដើម្បីឆ្លើយតបយ៉ាងរហ័ស និងក្នុងលក្ខណៈសម្របសម្រួល រួមទាំងវិធានការថ្មី និងសំខាន់ៗប្រឆាំងនឹងអ៊ីរ៉ង់»។ ទន្ទឹមគ្នានេះ សហរដ្ឋអាម៉េរិកកាន់តែមានភាពឆេវឆាវក្នុងការឆ្លើយតបទៅនឹងអ្វីដែលរដ្ឋធានីវ៉ាស៊ីនតោនចាត់ទុកថា ជាអាកប្បកិរិយាដ៏ឃោរឃៅរបស់អ៊ីរ៉ង់ ដូចជាការគាំទ្ររបស់ខ្លួនចំពោះកងជីវពលនៅក្នុងតំបន់ដែលកំពុងបើកការវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិក និងការចោទប្រកាន់របស់រដ្ឋធានីតេហេរ៉ង់ថា បានលួចចូលហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាម៉េរិក។

ចំណាត់ការរបស់G7 បានកើតឡើងបន្ទាប់ពីរបាយការណ៍របស់រ៉យទ័រថា រដ្ឋធានីតេហេរ៉ង់បានផ្តល់ឱ្យរុស្ស៊ីនូវមីស៊ីលផ្លោងវាយប្រហារលើដី ដ៏មានអានុភាពមួយចំនួនធំសម្រាប់ប្រើប្រាស់ក្នុងការឈ្លានពានអ៊ុយក្រែន។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់អាម៉េរិក បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជម្រើសមួយដែលកំពុងពិចារណាដោយ G7 នឹងមានឥទ្ធិពលនៃការបញ្ចប់ជើងហោះហើរពីអ៊ីរ៉ង់ទៅកាន់អឺរ៉ុប។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះ Iran Air ហោះដឹកអ្នកដំណើរពីប្រទេសអ៊ីរ៉ង់ទៅកាន់ទីក្រុងជាច្រើននៅអឺរ៉ុប។ ចុងក្រោយ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខេន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវីយែនកាលពីថ្ងៃសុក្រទី១៥ ខែមីនាថា៖«ចំពោះសំណួរនៃការបញ្ជូនមីស៊ីលរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន [..] យើងបានផ្ញើសារយ៉ាងច្បាស់ទៅកាន់អ៊ីរ៉ង់ថា..កុំឱ្យធ្វើវា!»៕




