ឧកញ៉ា ឡេង ចាន់ណានិងបក្ខពួក២នាក់ទៀតរងបទចោទ ករណីឆបោក មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និងលាងលុយកខ្វក់
អុន សម្ផស្ស
14 មីនា 2024 02:40 AM

រាជធានីភ្នំពេញ៖ តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់ទៅលើជនសង្ស័យ មានងារជា ឧកញ៉ា ឈ្មោះ ឡេង ចាន់ណា និងបក្ខពួកចំនួន២នាក់ផ្សេងទៀត ពីបទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និងបទល្មើសសម្អាតប្រាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអម សាលាដំបូងខេត្តសៀមរាបកាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បញ្ជាក់ថា ក្រោយបញ្ចប់ការស្តាប់ចម្លើយ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ ឈ្មោះ ឡេង ចាន់ណា ភេទស្រីអាយុ៣៦ឆ្នាំជាអគ្គនាយិកា ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង និងឈ្មោះ ផុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំជាអគ្គនាយករងនិងបក្ខពួក ពីបទល្មើសព្រហ្មទណ្ឌចំនួន៣។ អ្នកនាំពាក្យសង្កត់ធ្ងន់ថាបទល្មើសទាំងបីនោះរួមមាន៖«១.ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។ ២. មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ ៣.សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម»។ ជាមួយគ្នានោះ តំណាងអយ្យការ ក៏បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមរំឭកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី វើលដ៍ និងបក្ខពួកតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១២៣៦ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ ផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបទល្មើសឆបោករំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត