ក្រសួងបរិស្ថានប្តេជ្ញាបញ្ចប់វប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ
វុធ ច័ន្ទតារា
11 មីនា 2024 04:00 AM

ក្រសួងបរិស្ថានបានប្តេជ្ញាចិត្ត ក្នុងការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស ធនធានធម្មជាតិ។ នេះបើតាមសំណេររបស់ក្រសួងបរិស្ថានលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃអាទិត្យទី១០ខែមីនាឆ្នាំ២០២៤។

រូបតំណាង 
រូបតំណាង 

ការប្តេជ្ញាដូច្នេះធ្វើឡើងអំឡុងពេលដែល ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមសៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានជួបពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤។ 

ក្រសួងបរិស្ថានបានអះអាងថា កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ក្នុងនោះរួមមាន ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ក្រៅពីនោះក្រសួង បានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ។ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក។ ក្រសួងបរិស្ថាន នឹងជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត