
ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការដៃគូចំនួន៥រៀបចំយុទ្ធនាការ«អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា»រយៈពេល៦ខែចាប់ពីខែមីនា ដល់ខែតុលា ឆ្នាំ២០២២។ យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋចូលរួមលុបបំបាត់ការបរបាញ់សត្វ ការជួញដូរសាច់សត្វព្រៃ ពង្រឹងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងការពារតំបន់ធនធានធម្មជាតិនៅកម្ពុជា។
យុទ្ធនាការ«អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» នេះនឹងរៀបចំឡើងនៅក្នុងខេត្តចំនួន៥ គឺខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគីរី កំពង់ធំ និងព្រះវិហារ។ យុទ្ធនាការនេះផ្តួចផ្តើមដោយក្រសួងបរិស្ថានដែលសហការជាមួយអង្គការដៃគូចំនួន៥ទៀត គឺអង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ (WWF ), សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS), អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International), អង្គការអភិរក្សអន្តរជាតិ (CI) ,គម្រោងព្រៃឡង់បៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID Green Prey Lang)។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកយុទ្ធនាការ«អន្ទាក់សូន្យ»នៅថ្ងៃទី២ ខែមីនាថា យុទ្ធនាការនេះគឺធ្វើឡើងដើម្បីផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ មកជាការអភិរក្សសត្វព្រៃ និងយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់។ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រសួងបរិស្ថាននឹងសហការជាមួយអង្គការដៃគូពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,ក្រសួងសុខាភិបាល,ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធនឹងរួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និងអប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ។ ជាមួយគ្នានេះក្រសួងនឹងជំរុញឲ្យសហគមន៍នៅតាមតំបន់ធនធានធម្មជាតិពង្រឹងលើកិច្ចការពារ និងអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងនៅតាមតំបន់ធនធានធម្មជាតិ។

«យុទ្ធនាការអន្ទាក់សូន្យនេះ យើងនឹងចុះទៅតាមខេត្ត ដោយចាប់ផ្តើមដំបូងនៅខែមេសា នៅខេត្តស្ទឹងត្រែង, នៅខែឧសភានៅខេត្តព្រះវិហារ, ខែមិថុនា នៅខេត្តក្រចេះ, ខែកក្កដា នៅខេត្តមណ្ឌលគិរី, នៅខែសីហា នៅខេត្តកំពង់ធំ និងខេត្តរតនគីរីក្នុងខែកញ្ញា»។ នេះជាការថ្លែងរបស់រដ្ឋលេខាធិការនៃក្រសួងបរិស្ថានដែលពន្យល់ថា ហេតុដែលក្រសួងចុះទៅបើកយុទ្ធនាការនៅគោលដៅទាំង៥ខេត្តនេះ ពីព្រោះតែខេត្តទាំង៥នេះគឺជាខេត្តដែលមានករណីបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរសាច់សត្វព្រៃច្រើនជាងគេ។
ឯកឧត្តម គឹម ណុង អគ្គនាយកតំបន់ការពារធម្មជាតិបានថ្លែងថា យុទ្ធនាការនេះនឹងជំរុញផ្សព្វផ្សាយឲ្យពលរដ្ឋនាំគ្នាគោរពច្បាប់ល្មើសធនធានធម្មជាតិ និងយល់ដឹងពីផលប៉ះពាល់ដោយសារការបរបាញ់សត្វ និងការបរិភោគសាច់សត្វ ជាពិសេសផ្តល់តម្លៃដល់សត្វព្រៃ។ បើតាមអគ្គនាយកតំបន់ការពារធម្មជាតិ ជនណាដែលល្មើសច្បាប់ធនធានធម្មជាតិ នឹងត្រូវទទួលរងពិន័យ និងទោសទណ្ឌ ដែលអាចប្រឈមជាប់ពន្ធនាគារពី១ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី១៥លានរៀល ទៅ១៥០លានរៀល។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា នៅឆ្នាំ២០២១ អាជ្ញាធរបានដោះអន្ទាក់ចេញពីតំបន់ការពារធនធានធម្មជាតិចំនួន ៦១,៦១១ អន្ទាក់ គឺមានការកើនឡើងជាង២០ភាគរយ បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដែលបានដោះចេញនៅឆ្នាំ២០២០ ដែលមានចំនួន៤៣,២៧០អន្ទាក់។
លោក ញ៉ែម សុធន តំណាងអង្គការ WCS បានថ្លែងថា វត្តមានអន្ទាក់ដែលមាននៅក្នុងព្រៃ គឺកើតឡើងដោយសារតែមានតម្រូវបរិភោគសត្វព្រៃ ទើបជំរុញឲ្យមានការកើនឡើងនូវការដាក់អន្ទាក់ និងបរបាញ់សត្វ។ លោក ញ៉ែម សុធន តំណាងអង្គការ WCS បានលើកឡើងថា អន្ទាក់គឺជាឃាតកលាក់មុខ ដែលគំរាមកំហែងដល់សត្វព្រៃយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យបាត់បង់នូវសត្វកម្រៗដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម។

លោក Leremy Parker តំណាងមកពីអង្គការ FFI បានលើកឡើងថា អន្ទាក់គឺជាបញ្ហារួមមួយដែលក្រសួង ស្ថាប័នពាក់ព័ន្ធ និងសហគមន៍ គឺត្រូវចាំបាច់រួមគ្នាចុះល្បាតនៅតាមតំបន់ការពារធម្មជាតិដែលសំខាន់ៗ ដើម្បីកុំឲ្យមានការកើនឡើងនូវចំនួនការបាត់បង់សត្វដ៏កម្រជាបន្តទៀត។
លោក សេង ទៀក ប្រធានអង្គការ WWF បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២០ អន្ទាក់មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន១២លានអន្ទាក់
ក្នុងនោះរួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាមឡាវ ថៃនិងកម្ពុជា។ ប្រធានអង្គការ
WWF នឹងជឿជាក់ថា យុទ្ធនាការ«អន្ទាក់សូន្យ»នេះ នឹងរួមចំណែកក្នុងកិច្ចការពារ ទប់ស្កាត់ និងកាត់បន្ថយចំនួននៃការដាក់អន្ទាក់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។ ក្រសួងបរិស្ថាន និងតំណាងអង្គការពាក់ព័ន្ធទាំងអស់បានអំពាវនាវដល់ពលរដ្ឋរួមគ្នា ការពារ អភិរក្ស និងផ្តល់តម្លៃដល់សត្វព្រៃ។ ជាពិសេសរួមគ្នាប្រឆាំងការជួញដូរ និងបរិភោគសាច់សត្វព្រៃ៕













