ក្រសួងបរិស្ថានកំពុងរៀបចំនីតិវិធីលក់កាបូននៅព្រៃឡង់ក្នុងខេត្តស្ទឹងត្រែងទៅទីផ្សារអន្តរជាតិ
SoKeng
22 មីនា 2022 02:00 PM

ស្ទឹងត្រែង៖ ក្រោយពីបានសិក្សាអំពីសក្តានុពលនៃធនធានធម្មជាតិព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងទទួលបានជោគជ័យក្នុងការលក់កាបូន​កន្លងមក ក្រសួងបរិស្ថានកំពុងតែរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងជាបន្តទៀត។

នាទិវា«ព្រៃឈើពិភពលោក»​ នៅថ្ងៃទី២១ ខែមីនា ក្រោមប្រធានបទ«ព្រៃឈើ និងនិរន្តរភាពនៃការផលិត និងការប្រើប្រាស់» ក្រសួងបរិស្ថានបានបញ្ជាក់ថា មុនក្រុមហ៊ុនទីផ្សារអន្តរជាតិសម្រេចទិញកាបូនពីកម្ពុជា គឺក្រុមហ៊ុនមានការវាយតម្លៃយ៉ាងច្បាស់លាស់​​ថាតើកម្ពុជាអាចមានសមត្ថភាពក្នុងការផលិតកាបូនតាមលក្ខខណ្ឌឬអត់ និងធានាថាធនធានធម្មជាតិនោះត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាពឬអត់។

បើតាមក្រសួងបរិស្ថាន ក្រុមហ៊ុនអន្តរជាតិបានសិក្សា និងវាយតម្លៃយ៉ាងច្បាស់ថាកម្ពុជាគឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតកាបូន និងការពារបាននូវធនធានធម្មជាតិនៅក្នុងតំបន់នោះ។​ ក្រសួងបរិស្ថានបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានិងដៃគូបាន និងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមានជាបន្តទៀត ខណៈដែលក្រសួងកំពុងតែបន្តសិក្សាឥណទានកាបូនបន្ថែមទៀតនៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។

គិតពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានចំនួន១១,​៦លានដុល្លារ ពីដែនជម្រកសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត។ កម្ពុជាបានលក់កាបូនទៅក្រុមហ៊ុនដូចជា Disney, Shell និងក្រុមហ៊ុន Gucci។ បើតាមក្រសួងបរិស្ថាន ក្នុងចំណោមប្រទេសអាស៊ាន គឺមានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

ថវិកាដែលទទួលបានពីការលក់កាបូន គឺក្រសួងយកទៅបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិដែលមាន, ការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀត និងអភិវឌ្ឍសហគមន៍ និងតំបន់អភិរក្សធនធានធម្មជាតិផ្សេងៗ។

កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា។ ក្រសួងបរិស្ថានបានអះអាងថា ទំហំដីអភិរក្សដែលបានសេសសល់នៅបច្ចុប្បន្ននេះ គឺដោយសារតែកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ៕

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន <br>
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត