ក្មេងទំនើង២នាក់ត្រូវសមត្ថកិច្ចខេត្តត្បូងឃ្មុំចាប់កោរសក់ ​ ក្រោយនាំគ្នាបង្ហោះម៉ូតូបង្កអាណាធិបតេយ្យតាមផ្លូវ
យិត​​ ស្រីល័ក្ខ
09 មីនា 2024 01:00 PM

ខេត្តត្បូងឃ្មុំ៖​​​កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួងបានឃាត់ខ្លួន ក្មេងទំនើងចំនួន០២នាក់យកមកអប់រំ និងកោរសក់ ក្រោយពួកគេនាំគ្នាបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុងភូមិ ជើងវត្ត សង្កាត់វិហារលួង ក្រុងសួង​​​​ ខេត្តត្បូងឃ្មុំ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា​​ ក្មេងទំនើងទាំង០២នាក់នោះរួមមាន៖​​ ទី១.ឈ្មោះ ម៉ម សុីន អាយុ២១ ឆ្នាំ មានទីលំនៅភូមិ ពោធិ៍កិល សង្កាត់សួង ក្រុងសួង និងទី២ឈ្មោះ ឌឿន ផានុត អាយុ១៦ ឆ្នាំ មានទីលំនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង បានធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុងភូមិ ជើងវត្ត សង្កាត់វិហារលួង ក្រុងសួង ភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់​​ និងនាំក្មេងទំនើងទាំង០២នាក់យកមកអធិការដ្ឋាននគរបាលក្រុងសួងដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបានឱ្យដឹងបន្តថា​ ក្រោយពីបានសួរនាំចប់សព្វគ្រប់ មន្រ្តីជំនាញបានអនុវត្តវិធានការទៅលើពួកគេដោយ កោរសក់ឈូសសក់ និងនាំក្មេងទំនើងទាំង០២នាក់ទៅពន្ធធនាគារខេត្តត្បូងឃ្មុំ ដើម្បីឱ្យពួកគាត់មើលពីការរស់នៅរបស់ជនសង្ស័យ​ ឬទណ្ឌិតដែលជាប់ឃុំឃាំង និងធ្វើការអប់រំកែប្រែ នៅចំពោះមុខឪពុកម្ដាយ អាណាព្យាបាល ធ្វើកិច្ចសន្យាឱ្យឈប់ប្រព្រឹត្តទង្វើបែបនេះទៅថ្ងៃក្រោយទៀត ខិតខំកែប្រែកសាងខ្លួនក្លាយជាមនុស្សល្អជាទីស្រឡាញ់របស់គ្រួសារក៏ដូចជាសង្គមជាតិ។​​ បន្ទាប់ពីបានធ្វើកិច្ចសន្យាអប់រំកែប្រែរួចសមត្ថកិច្ចបានប្រគល់ក្មេងទំនើងទាំង០២នាក់នោះ ជូនទៅឪពុកម្ដាយ​​ អាណាព្យាបាល យកត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញដើម្បីអប់រំបន្ត៕​​

រាយការណ៍ដោយ៖ភ្នាក់ងារ​​ ខេត្ត ត្បូងឃ្មុំ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត