ទំពាំងស្អុយមួយក្រុមធំ ត្រូវនគរបាលខេត្តបាត់ដំបងហៅមកដុះខាត់​ ក្រោយបង្ហោះម៉ូតូ​អនាធិបតេយ្យ​តាមផ្លូវសាធារណៈ
យិត​​ ស្រីល័ក្ខ
07 កុម្ភៈ 2024 06:00 AM

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បានឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា១១នាក់ ក្រោយជិះម៉ូតូបង្ហោះបង្កភាព​អនាធិបតេយ្យ​តាមផ្លូវសាធារណៈ ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤...។

ប្រភពពីសមត្ថកិច្ច បានគូសបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាបានប្រទះឃើញក្រុមក្មេងទំនើងកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ។ នៅវេលាម៉ោង១៨ៈ១៥នាទីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរតនៈ បានចុះបង្រ្កាបដោយឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូសរុប១១នាក់ ក្នុងនោះស្រីម្នាក់ នៅចំណុចព្រលានយន្តហោះបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ សមត្ថកិច្ចបានឱ្យដឹងបន្តថា ក្រោយពីនាំខ្លួនយកទៅសាកសួរ ក្នុងចំណោមក្រុមក្មេងទាំង១១នាក់នោះមាន០២នាក់បានធ្វើសកម្មភាពបង្ហោះម៉ូតូជាក់ស្តែង ហើយត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ដើម្បីចាត់ការតាមនីតិវិធី។

យ៉ាងណាមិញ សកម្មភាពក្រុមក្មេងទំនើងនេះ ជាគំរូមិនល្អទ្បើយសូមប្អូនៗជាយុវវ័យកុំយកគំរូតាម ពេលទំនេរគួរនាំគ្នាសិក្សារៀនសូត្របន្ថែមយកចំណេះដឹងឱ្យកាន់រីកចម្រើនជាងមុន ដើម្បីជួយសង្គមជាតិឱ្យកាន់តែមានភាពជឿនលឿន ​​កុំយកពេលធ្វើរឿងអត់ប្រយោជន៍ដូចក្មេងទំនើងមួយក្រុមខាងលើនេះ និងជួយការងារឪពុកម្តាយទើបជាការល្អប្រសើរ ព្រោះពួកគាត់ខំធ្វើការរកស៊ីចិញ្ចឹមហត់កាយហើយមកត្រូវហត់ចិត្តទៀត ជារឿងដែលមិនគួរសោះ។ ដូច្នេះក្នុងនាមជាកូនបើមិនបានជួយអ្វី សូមកុំធ្វើឱ្យពួកគាត់ពិបាកចិត្តបន្ថែមទៀត៕ ​រាយការណ៍ដោយ៖ខេត្ត​​ បាត់ដំបង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត