
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានដាក់ចេញផែនការណែនាំ «ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ» ជាច្រើនចំណុចដល់រដ្ឋបាលរាជធានី ខេត្ត អនុវត្ត ដើម្បីឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពទប់ស្កាត់ឱ្យបានការលេងល្បែងខុសប្រពៃណីជាតិជាច្រើនដូចជា ល្បែងស៊ីសង ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ។

គណៈកម្មាធិការជាតិបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ នឹងប្រព្រឹត្តិតាមដំណើរសង្ក្រាន្ត រយៈពេល៤ថ្ងៃរាប់ចាប់ពីថ្ងៃសៅរ៍ទី១៣ វេលាម៉ោង ២២:១៧ នាទីយប់ ដល់ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤ គម្រប់សង្ក្រាន្ត៤ថ្ងៃចប់ដោយបរិបូណ៌ចូលឆ្នាំរោងឆស័កតរៀងទៅ។ ទោះជាយ៉ាងណាជុំវិញការរៀបចំពិធីបុណ្យប្រពៃណីជាតិនេះ គណៈកម្មាធិការជាតិ សង្កត់ធ្ងន់ថា ក្នុងដំណើរការពិធីបុណ្យប្រពៃណីជាតិនេះអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្តត្រូវរៀបចំចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ។ ល្បែងប្រជាប្រិយរបស់ជាតិទាំងនោះរួមមាន៖ ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងណាដែលសមគួរ ផ្ទុយទៅវិញត្រូវជៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងច្បាប់ ខុសប្រពៃណីជាតិ ដូចជា ល្បែងស៊ីសង ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ។ល។

ស្ថាប័នដដែលបន្ថែមថា អ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដែលនាំឱ្យមានគ្រោះអគ្គិភ័យជាយថាហេតុ។ ជាមួយគ្នានេះ អាជ្ញាធរត្រូវចុះណែនាំ ម្ចាស់រោងចក្រ សហគ្រាស សាលារៀនឯកជន មណ្ឌលកម្សាន្ត រមណីយដ្ឋាននានា ឱ្យតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងដុតគោម បំភ្លឺភ្លើងពណ៌ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង។ ជាងនេះទៅទៀត អាជ្ញាធរ ត្រូវសហការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង ព្រមទាំងបង្កលក្ខណៈល្អប្រសើរ តាមមណ្ឌលកម្សាន្ត និងរមណីយដ្ឋាននានាជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ- អន្តរជាតិ ចូលរួមកម្សាន្តសប្បាយ។

គួរជម្រាបថា ជារៀងរាល់ឆ្នាំ ប្រជារាស្ត្រខ្មែរទាំងក្នុង និងក្រៅប្រទេសតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។ ពិធីនេះ ប្រារព្ធឡើងដើម្បីទទួលអំណរ ស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្តែងនូវកតញ្ញូ តាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ប្រគេនព្រះពរព្រះសង្ឃ ថ្វាយព្រះពរ ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី និងថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ។ ជូនពរថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងបុព្វការីជនទាំងឡាយ គ្រូឧបជ្ឈាយាចារ្យ ចាស់ព្រឹទ្ធាចារ្យ សំដៅបង្កើនឡើងនូវមនោសញ្ចេតនាគោរពស្រឡាញ់ សាមគ្គីភាពស្និទ្ធស្នាល និងទទួលបានសព្ទសាធុការពរជ័យ ពីទេវតាឆ្នាំថ្មី៕








