អភិបាលខេត្តព្រះសីហនុ ប្តេជ្ញាចាត់វិធានការផ្លូវច្បាប់លើអ្នកពាក់ព័ន្ធ ក្រោយឃាត់ខ្លួនជនជាតិចិន៣នាក់ ករណីរក្សាទុក និងទិញអាវុធខុសច្បាប់
អាន ប៊ុនរ័ត្ននៈ
04 មីនា 2024 02:45 PM

ខេត្តព្រះសីហនុ៖ អាវុធខ្លីចំនួនពីរដើមត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ធ្វើការរឹបអូស និងឃាត់ខ្លួនជនជាតិចិនចំនួន ៣នាក់ បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យរកឃើញ កាលពីចុងសប្តាហ៍កន្លងទៅ។ ជាមួយគ្នានោះ នៅព្រឹកថ្ងៃទី៤មីនា ឆ្នាំ២០២៤នេះ អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា លោកនឹងប្ដេជ្ញា ព្យាយាម ខិតខំចាត់វិធានការលើជនណា ដែលប្រព្រឹត្តបទល្មើសខុសច្បាប់កម្ពុជា ពិសេសក្រុងព្រះសីហនុនេះផ្ទាល់តែម្ដង...។

យោងតាមប្រភពព័ត៌មានបឋមពីផេកផ្លូវការរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យទី១.ឈ្មោះហ្សាង ឈិនជាង Zhang ZhenJiang ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិចិន ទី២.ឈ្មោះ ឈិន ហ្ស៊ីហ្កាង Chen ZhiGang អាយុ៤៩ឆ្នាំ ជជនជាតិចិន និងទី៣.ឈ្មោះ កៅ ហ្សាវទុង Guo Xiao Dong អាយុ២៩ឆ្នាំ ជាជនជាតិចិន អ្នកទាំង៣ពាក់ព័ន្ធនឹងការកាន់កាប់ និងប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់។ បន្ថែមលើនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា អ្នកលក់អាវុធឱ្យជនសង្ស័យទាំង៣នាក់នេះ ក៏នឹងត្រៀមខ្លួនទទួលទោសផងដែរ។

ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់នៅលើផេកផ្លូវការរបស់ឯកឧត្តមថា៖«យើងខ្ញុំប្ដេជ្ញា ព្យាយាម ខិតខំចាត់វិធានការ ជនណាដែលប្រព្រឹត្តខុសច្បាប់កម្ពុជា ដើម្បីសន្តិសុខ សុវត្ថិភាព របស់យើង»។ សូមបញ្ជាក់ផងដែរថា ជុំវិញករណីឃាត់ខ្លួនជនជាតិចិនទាំងបីនាក់នេះ អង្គភាពសារព័ត៌មាន SBM News នៅពុំទាន់ទទួលបានរបាយការណ៍លម្អិតពីសមត្ថកិច្ចនៅឡើយទេ ព្រោះខាងអាជ្ញាធរបញ្ជាក់ថា កំពុងស៊ើបអង្កេតស្រាវជ្រាវបន្ត ដូច្នេះ ក្នុងករណីមានព័ត៌មានUpdateថ្មី អង្គភាពសារព័ត៌មាន SBM News នឹងធ្វើសេចក្តីរាយការណ៍ជូនប្រិយមិត្តបានជ្រាបនៅពេលក្រោយបន្តទៀត...៕ រាយការណ៍ដោយ៖ ភ្នាក់ងារព្រះសីហនុ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត