
ព្រះសីហនុ៖ អាជ្ញាធរពន្លត់អគ្គិភ័យខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៩កុម្ភៈ បានប្រើប្រាស់រថយន្តចំនួន៩គ្រឿងដើម្បីជួយអន្តរាគមន៍លើករណីអគ្គិភ័យមួយ បានឆាបឆេះឃ្លាំងផ្ទុកអេតចាយមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយបានចំណាយពេលជាងមួយម៉ោង ទើបអាចគ្រប់គ្រងស្ថានការបានដោយជោគជ័យកាលពីវេលាម៉ោងប្រមាណ១៩ៈ១៥នាទីយប់...។

យោងតាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ចពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ក្នុងកិច្ចជួយអន្តរាគមន៍ករណីអគ្គិភ័យខាងលើនេះ អាជ្ញាធរបានប្រើរថយន្តពន្លត់៩គ្រឿង និងប្រើទឹកអស់១០រថយន្ត ទើបអាចបាញ់ពន្លត់អគ្គិភ័យដែលឆេះឃ្លាំងផ្ទុកអេតចាយនោះឱ្យរលត់ទាំងស្រុងបាន។ សមត្ថកិច្ចបញ្ជាក់បន្ថែមថា ជនរងគ្រោះដែលជាម្ចាស់ឃ្លាំងអេតចាយមានឈ្មោះ គក ស្រី ភេទស្រី អាយុ៣៨ឆ្នាំ មានមុខរបរជាអ្នករកស៊ីទិញសម្ភារអេតចាយមកពីជុំវិញខេត្តដើម្បីដឹកប្រមូលយកទៅលក់នៅក្រៅប្រទេស។

ប្រភពដដែលបន្តថា ករណីអគ្គិភ័យនេះមិនមានមនុស្សរងរបួសទេ និងមិនបង្កឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះដែរ ដោយគ្រាន់តែខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ ព្រមទាំងឃ្លាំងសាងសង់អំពីដែកប្រក់សង្ក័សីមានទំហំទទឹង១៥ម៉ែត្រ×បណ្ដោយ២០ម៉ែត្រ និងឆេះសម្ភារអេតចាយចម្រុះប្រហែល៣០ភាគរយ។ ទោះជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះបាននៅឡើយទេ ខណៈពេលនេះសមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវ និងសាកសួរម្ចាស់ទីតាំងដើម្បីរកមូលហេតុនៃគ្រោះអគ្គិភ័យនេះផងដែរ៕ រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តព្រះសីហនុ




