
រាជធានីភ្នំពេញ៖ គម្រោងមរតកបៃតងនៃអង្គការUSAID កាលពីពេលថ្មីៗនេះបានផ្សព្វផ្សាយទាក់ទងសត្វព្រៃពីរប្រភេទ ដែលកំពុងរងការគំរាមកំហែងជាមួយនឹងការផុតពូជយ៉ាងខ្លាំងទាំងនៅកម្ពុជា និងជុំវិញពិភពលោក។ សត្វព្រៃទាំង២ប្រភេទនោះរួមមាន៖ សត្វគោព្រៃ និងសត្វទន្សោង...។

សត្វគោព្រៃ(𝘉𝘰𝘴 𝘴𝘢𝘶𝘷𝘦𝘭𝘪)៖ គឺជាសត្វមួយប្រភេទដែលចូលចិត្តរស់នៅទួលទាបៗ ឬនៅតំបន់ព្រៃល្បោះវាលស្មៅមានព្រៃគម្ពោត ហើយអាហារចម្បងរបស់វាគឺស្មៅ។ ជាធម្មតាវារស់នៅជាហ្វូង ជួនកាលគេអាចជួបប្រទះវារស់នៅជាមួយហ្វូងទន្សោង ខ្ទីង ឬប្រើសផងដែរ។ វាតែងតែចេញទៅរកស៊ីអាហារនៅពេលព្រលឹម និងព្រលប់។ គោព្រៃបន្តពូជនៅខែមេសា និងបង្កើតកូននៅខែធ្នូ ឬមករា។ វាជាសត្វដែលឆាប់ផ្អើលជាងប្រភេទសត្វដទៃទៀត។ គោព្រៃមានកម្លាំងខ្លាំង ពូកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារដែលមានគុណភាពទាប និងធន់នឹងជំងឺគោឆ្កួត។ សត្វប្រភេទនេះ វាអាចមាននៅតំបន់មួយចំនួនដូចជាខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ ភូមិភាគឦសាន មានខេត្តមណ្ដលគិរី រតនគិរី និងស្ទឹងត្រែង។ គោព្រៃដែលត្រូវបានគេស្គាល់តាមឈ្មោះវិទ្យាសាស្ត្រថា 𝘉𝘰𝘴 𝘴𝘢𝘶𝘷𝘦𝘭𝘪 គឺជាប្រភេទសត្វព្រៃដ៏អាថ៌កម្បាំង និងគួរឱ្យស្ញប់ស្ញែង ហើយវាត្រូវបានចុះជាប្រភេទជិតផុតពូជបំផុតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។ សម្រាប់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៦០ មកទល់ពេលបច្ចុប្បន្ន គោព្រៃត្រូវបានទទួលស្គាល់ថា ជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជា។ ថ្វីត្បិតតែប្រជាជនខ្មែរកម្របានប្រទះសត្វប្រភេទនេះក៏ដោយ តែពួកវានៅតែស្ថិតក្នុងដួងព្រលឹងជាតិរបស់កម្ពុជានៅឡើយ។

សត្វទន្សោង(𝘉𝘰𝘴 𝘫𝘢𝘷𝘢𝘯𝘪𝘤𝘶𝘴)៖ ក៏មានវាសនាមិនខុសពីសត្វគោព្រៃប៉ុន្មាននោះដែរ ពួកវាត្រូវបានចុះជាប្រភេទជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិផងដែរ។ ជាងនេះទៅទៀត ចំនួនរបស់វាបានធ្លាក់ចុះជាង៥០ភាគរយ ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ ដោយសារតែការបាត់បង់ និងការបែកបាក់ទីជម្រក ការបរបាញ់ និងការប្រម៉ាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់កើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន ទន្សោងមាននៅសល់ចំនួនប្រមាណជា៨០០០ក្បាលប៉ុណ្ណោះ នៅទូទាំងពិភពលោក ហើយ៦០ភាំគរយ រស់នៅក្នុងព្រៃល្បោះ ក្នុងភាគខាងកើតប្រទេសកម្ពុជា។ គួរឱ្យដឹងថា សត្វទន្សោងមានទំហំប្រហាក់ប្រហែលនឹងគោស្រុក ហើយវាមានកម្ពស់ពី១,៥៥ ទៅ១,៦៥ម៉ែត្រ បើនិយាយពីទម្ងន់វាមានចាប់ពី៦០០ ទៅ៨០០គីឡូក្រាម។ យើងអាចសង្កេតដឹងភេទរបស់វា តាមរយៈពណ៌សម្បុរ និងទំហំ ដោយប្រភេទឈ្មោលមានរោមខ្លីៗនៅលើខ្លួន មានពណ៌ខៀវទឹកប៊ិច ឬពណ៌ក្រហមក្រម៉ៅដិត រីឯប្រភេទញី មានពណ៌ក្រហមក្រម៉ៅ និងមានឆ្នូតពណ៌ខ្មៅកាត់ទទឹងពោះ។ ចំពោះប្រភេទញីនិងឈ្មោលមានរង្វង់ពណ៌សនៅជើង ហើយមានចំនុចសៗនៅលើភ្នែក។ វាមានមាឌប្រហាក់ប្រហែលនឹងគោស្រុក តែមានក និងក្បាលតូចជាង។ សត្វញីមានស្នែងខ្លី ហើយកោងខ្លាំងដែលចុងស្នែងសងខាងចង្អុលរកគ្នា ឯស្នែងសត្វឈ្មោលវិញងរឡើងទៅលើ មានប្រវែងពី៦០ ទៅ៧៥សង់ទីម៉ែត្រ។ ចំពោះសត្វប្រភេទនេះ គេបានកត់ទុកថា វាអាចរស់បានដល់អាយុ២០ឆ្នាំ ដល់២៦ឆ្នាំឯណោះ៕





