អាជ្ញាធរកំពុងស្រាវជ្រាវរកជនល្មើសដែលដាក់អន្ទាក់ធ្វើឲ្យសត្វទន្សោងមួយក្បាលងាប់នៅព្រៃសង្ឃរុក្ខវ័ន
SoKeng
21 កុម្ភៈ 2022 10:00 AM

ឧត្តរមានជ័យ៖  អាជ្ញាធរកំពុងតែស្រាវជ្រាវរកជនល្មើសដែលបានដាក់អន្ទាក់សត្វទន្សោងដែលបណ្តាលឲ្យងាប់​ នៅក្នុងព្រៃសង្ឃរុក្ខវ័ន  ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក។ បើតាមលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ សត្វទន្សោងមួយក្បាលនោះមានទម្ងន់ជាង២០០គីឡូក្រាម។

ថ្លែងប្រាប់អ្នកសារព័ត៌មាន SBM តាមទូរសព្ទ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានបញ្ជាក់ថា សត្វទន្សោងនោះបានងាប់ដោយសារវាជាប់អន្ទាក់ពីព្រានព្រៃប្រមាណជិត១ខែមកហើយ ពីព្រោះជើងរបស់សត្វទន្សោងនោះគឺស្ទើរតែដាច់ចេញពីគ្នា ហើយរលេះរលួយ។ ជាមួយគ្នានេះសត្វទន្សោងនេះក៏មានស្នាមលើខ្លួន អាចប្រហែលមកពីព្រានព្រៃវាយលើសត្វទន្សោងនោះផងដែរ។

លោក ភួង លីណា បានរៀបរាប់ដូច្នេះ៖«សត្វនោះ គឺជាប់អន្ទាក់ ជាប់ខ្សែ។ ពេលដែលវាជាប់អន្ទាក់ហើយ គឺវារើដាច់ចេញពីអន្ទាក់ កន្លែងវាងាប់ហ្នឹងគឺមិនមែននៅកន្លែងវាជាប់អន្ទាក់ទេ។ សត្វហ្នឹងមិនមែនជាប់អន្ទាក់ហើយ ស្លាប់ភ្លាមៗនោះទេ គឺអាចនឹងមានអ្នកចូលទៅក្នុងព្រៃប្រទេះឃើញ ហើយចាប់វ៉ៃឲ្យងាប់ ពីព្រោះយើងឃើញនៅក្បែរសត្វនោះគឺមានដំបង»

ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យរូបនេះបានបញ្ជាក់ថា សាកសពសត្វទន្សោងដែលមានទម្ងន់ជាង២០០គីឡូក្រាមនេះ គឺត្រូវបានអាជ្ញាធរយកទៅកប់នៅទីស្នាក់ការកណ្តាលរបស់សហគមន៍ និងបានរៀបចំពិធីតាមប្រពៃណីសាសនា។ លោក ភួង លីណាបានអះអាងនៅថ្ងៃខាងមុខ មន្ទីរបរិស្ថានខេត្តក៏នឹងយកគ្រោងឆ្អឹងរបស់សត្វទន្សោងនោះមកផ្គុំធ្វើជារូបសត្វទន្សោងវិញ។

បើតាមប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ អាជ្ញាធរកំពុងតែរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការនិងធ្វើការស៊ើបអង្កេតរកជនដៃដល់នេះ។ បន្ថែមពីភារកិច្ចនេះ អាជ្ញាធរក៏នឹងប្រមូលកម្លាំងសមត្ថកិច្ចដើម្បីត្រួតពិនិត្យតាមដងអូរទាំងឡាយ ដើម្បីទប់ស្កាត់ករណីមានជនសង្ស័យមកលួចដាក់អន្ទាក់នៅតំបន់ធនធានធម្មជាតិក្នុងខេត្តឧត្តរមានជ័យ។

សូមរម្លឹកថា កាលពីឆ្នាំ២០២០ គឺមានសត្វទន្សោងងាប់ចំនួន៥ក្បាល ហើយនៅក្នុងឆ្នាំ២០២១ គឺមានសត្វទន្សោងប្រមាណ៦ក្បាលទៀតបានងាប់។ សត្វទន្សោងដែលងាប់នោះ គឺភាគច្រើនងាប់ដោយសារជាប់អន្ទាក់។ បើតាមលោក ភួង លីណា ចំនួនសត្វទន្សោងដែលងាប់នេះ បើធៀបនឹងឆ្នាំ២០០០គឺមានការធ្លាក់ចុះច្រើន។

<br>

ដើម្បីចូលរួមអភិរក្សសត្វទន្សោងនៅកម្ពុជាឲ្យស្ថិតនៅគង់វង្ស លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ពលរដ្ឋបញ្ឈប់ការបរបាញ់សត្វ ដាក់អន្ទាក់ និងបញ្ឈប់ការបរិភាគសត្វព្រៃ ។ ជាពិសេសត្រូវរួមគា្នអភិរក្សសត្វព្រៃនៅកម្ពុជា។ បើតាមប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ នៅខេត្តឧត្តរមានជ័យគឺមានតំបន់ការពារធនធានធម្មជាតិចំនួន៣កន្លែង គឺដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន , ដែនជម្រកសត្វព្រៃគូលេន-ព្រហ្មទេព និងតំបន់ការពារទេសភាពបន្ទាយឆ្មារ។  

គូសបញ្ជាក់ថា កម្ពុជាមានវត្តមានសត្វទន្សោង​ចន្លោះពី ២៧០០ ទៅ៥៧០០ក្បាល។ ចំនួននេះបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថាមានចន្លោះពី ៥៩០០ ទៅ ១១០០០ ក្បាល។ សត្វប្រភេទនេះ គឺជាសត្វដែលជិតផុតពូជ​៕

លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដែលអង្គុយពាក់អាវពណ៌ផ្ទៃមេឃ<br>
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដែលអង្គុយពាក់អាវពណ៌ផ្ទៃមេឃ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត