សម្តេចធិបតី​​​​៖ «កោះអំពិល» ជាកោះលាក់ខ្លួនដ៏ស្រស់ស្អាតមួយកំពុងបង្អួតសម្រស់ដល់អ្នកទេសចរ
យិត​​ ស្រីល័ក្ខ
29 កុម្ភៈ 2024 05:00 AM

ខេត្តកោះកុង៖​​ «កោះអំពិល» គឺជាកោះលាក់ខ្លួនដ៏ស្រស់ស្អាតមួយដែលស្ថិតនៅក្នុងទឹកដីខេត្តកោះកុង និងកំពុងបង្អួតសម្រស់ដល់អ្នកទេសចរយ៉ាងផុលផុស។​​ នេះបើយោងការបញ្ជាក់តាមតេទ្បេក្រាមផ្លូវការរបស់​​ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​​​នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤…។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូចេ្នះថា៖​​ កោះអំពិល មានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ទល់មុខនឹងកោះស្តេច មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង១៤០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ តារារះនៅទិសនិរតីមួយនេះ កំពុងបង្អួតសម្រស់ និងសក្តានុពលរបស់ខ្លួនយ៉ាងសម្បូរបែបដូចជាផ្កាថ្ម ឆ្នេរខ្សាច់សក្បុស និងជីវចម្រុះជាច្រើននៅបាតសមុទ្ទរួមផ្សំនឹងការរៀបចំបដិសណ្ឋារកិច្ចប្រកបដោយការយកចិត្តទុកដាក់ បាននិងកំពុងទាក់ទាញអារម្មណ៍អ្នកទេសចរជាតិ និងអន្តរជាតិជាអនេក ។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា​​ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលបានកំណត់គោលដៅអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងគ្រប់វិស័យ។ ក្នុងនោះដែរការអភិវឌ្ឍវិស័យទេសចរណ៍ដែលមានចំណុចអាទិភាពចំនួន៩។ ចំណុចអាទិភាពទី១ គឺជំរុញវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលត្រូវបានចាត់ទុកជា «មាសបៃតង»។ រីឯចំណុចអាទិភាពទី៨ គឺបន្តជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងលំហូរទេសចរអន្តរជាតិក្នុងការមកទស្សនាកម្ពុជា ស្របនឹងការអប់រំលើកទឹកចិត្តប្រជាជនឱ្យចូលរួមកិច្ចអភិវឌ្ឍទេសចរណ៍ប្រកបដោយភាពទាក់ទាញ។

សូមជម្រាបថា​​ កោះអំពិល ជាតំបន់សក្ដានុពលទេសចរណ៍បែបសមុទ្ទ ដែលពេញនិយមនាពេលបច្ចុប្បន្ននេះ។ រីសតនៅលើកោះនេះ មានផ្ទះវីឡាសម្រាប់ស្នាក់នៅបែបឯកជននៅជាប់មាត់សមុទ្ទ មានអាងហែលទឹក ស្បារ អមដោយដើមដូងខ្ពស់ៗរាប់រយដើម និងឆ្នេរខ្សាច់សក្បុស ដែលកំពុងរង់ចាំភ្ញៀវទេចរជាតិ និងអន្តរជាតិមកសម្រាកលំហែកាយ។​​ នៅជុំវិញកោះនោះ​ក៏មានផ្កាថ្មដែលអាចឱ្យភ្ញៀវទេសចរមុជទឹកមើលទេសភាពនាបាតសមុទ្ទ។​​ លើសពីនេះភ្ញៀវទេសចរក៏អាចស្ទូចត្រីលេង ជិះទូកកៃយ៉ាក់ និងដើរលើស្ពានដ៏វែងកាត់លើសមុទ្ទនា ពេលល្ងាចទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត។​​ គួរដឹងដែរថា​​ ខេត្តកោះកុង ក្រៅពី «កោះអំពិល» ក៏មានតំបន់ទេសចរណ៍ជាច្រើនទៀត ដែលអាចទៅលំហែកាយរួមមាន៖ ទឹកធ្លាក់តាតៃ កោះស្តេច ឆ្នេរនេសាទ ឆ្នេរផ្កាយ៧ ពាមក្រសោប (ព្រៃកោងកាង) ឆ្នេរបារាំង ភ្នំម្រេចកង្កែប អូទឹកវេទ កោះស្រឡៅ ឆ្នេរកោះកុងក្រៅជាដើម...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត