
(បាល់ទាត់)៖ ជាការពិតដែរឬទេ? អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់វិសាខា បាននាំគ្នានិយាយថា អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន លោក កែវ សុខង៉ន កំពុងតែលេងចិត្តសាស្ត្រជាមួយនឹងក្រុមរបស់ខ្លួន ដោយសារក្រុមទាំងពីរត្រូវប៉ះគ្នានាចុងសប្តាហ៍នេះ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League សប្តាហ៍ទី២៣..។

នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន លោក កែវ សុខង៉ន ដែលជាបងប្រុសបង្កើតរបស់លោក កែវ សុខផេង បានបញ្ជាក់ថា លោកនឹងផ្តល់កិច្ចសន្យារយៈពេល២ឆ្នាំរួមទាំងថ្លៃនឿយហត់១៦លានរៀល (៤ពាន់ដុល្លារអាម៉េរិក) ក្នុង១ខែ ប្រសិនបើកីឡាករ កែវ សុខផេង ត្រឡប់មកប្រកបអាជីពបាល់ទាត់នៅក្នុងក្រុមភ្នំពេញក្រោនវិញ។ សារនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់ក្លឹបបាល់ទាត់វិសាខា នាំគ្នាប្រតិកម្មយ៉ាងខ្លាំងរហូតមានការលើកឡើងថា លោក កែវ សុខង៉ន គ្រាន់តែជាការលេងចិត្តសាស្ត្រប៉ុណ្ណោះ ស្របពេលកិច្ចសន្យារបស់កីឡាករ កែវ សុខផេង នៅសល់ប្រហែល២ឆ្នាំទៀតជាមួយនឹងក្លឹបបាល់ទាំត់វិសាខា ដូច្នេះ វាពិតជាមិនអាចទៅរួចទេ ដែលកីឡាករ កែវ សុខផេង អាចទៅចុះកុងត្រាថ្មីជាមួយក្លឹបបាល់ទាត់ផ្សេងទៀត អំឡុងពេលដែលកិច្ចសន្យាចាស់នៅមានសុពលភាពនៅឡើយនោះ ខណៈដែលបច្ចុប្បន្ន លោក កែវ សុខផេង ក៏ជាទូតសុឆន្ទៈរបស់ក្លឹបបាល់ទាត់វិសាខាផងដែរ។

ជាការពិតណាស់ លោក កែវ សុខផេង ជាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមភ្នំពេញក្រោន និងក្រុមវិសាខា បានម្រេចចិត្តចូលនិវត្តន៍ កាលពីដើមខែមេសា ឆ្នាំ២០២៣ ដោយសារតែបញ្ហារបួសរ៉ាំរ៉ៃ។ យ៉ាងណា ទាក់ទងនឹងរឿងខាងលើនេះអ្នកគាំទ្ររបស់ក្លឹបបាល់ទាត់វិសាខា បានថ្លៃងប្រាប់អង្គភាពសារព័ត៌មាន SBM News ថា៖«ចំពោះ ការលើកឡើងរបស់លោក កែវ សុខង៉ន់ ដែលគាត់ចង់បានបង កែវ សុផេង ឱ្យចូលរួមនៅខាងភ្នំពេញក្រោនវិញ គឺជាយុទ្ធសាស្ត្ររបស់គាត់ ពីព្រោះបងផេងធ្លាប់លេងនៅវិសាខា តែត្រូវចាំថា បងផេងគាត់នៅកុងត្រាជាមួយវិសាខា ប្រហែល២ឆ្នាំទៀត ក្នុងនាមជាទូតសុឆន្ទៈ ហៅកាត់ថា BA។ តែក្នុងនាមខ្ញុំជាហ្វេនវិសាខាម្នាក់ ក៏ចង់ឱ្យបងផេងចូលទីលានវិញដែរ តែបើចូលវិសាខាវិញក៏ល្អ បើគាត់ទៅក្លឹបផ្សេង គឺជាការសម្រេចចិត្តរបស់គាត់ ចឹងយើងជាហ្វេនគឺត្រូវស្របតាមការគិតរបស់គាត់..។» ទោះយ៉ាងណា លោក កែវ សុខផេង បានបញ្ជាក់ប្រាប់ SBM News នៅរសៀលថ្ងៃដដែលនេះថា លោកពិតជាមានបំណងចង់នាំយកកីឡាករ កែវ សុខផេង មកចូលរួមក្រុមពិតប្រាកដមែន ពុំមែនជាការនិយាយឱ្យតែរួចពីមាត់នោះទេ។

គួរបញ្ជាក់ថា នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមម្ចាស់ផ្ទះវិសាខា នឹងបើកទ្វារកីទ្បដ្ឋានព្រីសន៍ ទទួលក្រុមភ្នំពេញក្រោន សម្រាប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា សប្តាហ៍ទី២៣ ខណៈដែលក្រុមទាំងពីរនៅគម្លាតពីគ្នា១១ពិន្ទុឯណោះ ពោលគឹក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ឈរនៅលេខរៀងទី២ មាន៤៩ពិន្ទុ និងក្រុមវិសាខា ឈរនៅលេខរៀងទី៣ មាន៣៨ពិន្ទុ ស្របពេលការប្រកួតនៅសល់៥ប្រកួតទៀត មុនពេលឈានទៅវគ្គចុងក្រោយ..៕




