
(បាល់ទាត់)៖ លោក សាប៊ូន វិនតា ដែលជាគ្រូបង្គោលរបស់ក្រុមគិរីវង់សុខសែនជ័យ បានប្រាប់ឱ្យដឹងថា ក្រុមភ្នំពេញក្រោន នឹងប្រើប្រាស់កីទ្បាករបរទេសជាកម្លាំងស្នូល ដើម្បីលេងជាមួយក្រុមលោកនៅរសៀលនេះ ក្នុងពានសម្តេចថ្នាក់ជាតិ..។

ជាក់ស្តែង យើងដឹងស្រាប់ហើយថា កាលពីប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចថ្នាក់ជាតិលើកទី១៧ ក្រុមភ្នំពេញក្រោន គឺមិនបានប្រើប្រាស់កីទ្បាករបរទេសលេងម្នាក់ទ្បើយ ភាគច្រើនគឺប្រើប្រាស់យុវជន ពេលប្រកួតទល់នឹងក្រុមថ្នាក់ខេត្ត គឺមន្ទីរ អយក ខេត្តត្បូងឃ្មុំ។ ក្រុមភ្នំពេញក្រោន បានយកឈ្នះលើក្រុមមកពីថ្នាក់ខេត្តមួយនេះសរុបទាំងពីរជើងគឺ ១១-១ ខណៈក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រលើក្រុម Tiffy Army FC ដោយបញ្ចប់លទ្ធផល ៤-២ បន្ទាប់ពីប្រកួតសរុបទាំង២ជើងស្មើគ្នា២-២។

យ៉ាងណា មុនប៉ះគ្នានៅរសៀលនេះ លោក សាប៊ូន វិនតា បានថ្លៃងប្រាប់អង្គភាពសារព័ត៌មាន SBM News ថា៖«ជាការពិតណាស់! សម្រាប់ក្រុមភ្នំពេញក្រោន កាលពីប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៃពានសម្តេចថ្នាក់ជាតិ ដែលពួកគេប៉ះក្រុមមកពីខេត្ត គឺមន្ទីរ អយក ខេត្តត្បូងឃ្មុំ ជាក្រុមគ្មានកីទ្បាករបរទេសទ្បើយ។ ដូច្នេះ កម្រិតថ្នាក់ខេត្ត និងថ្នាក់ជាតិ នៃលីគកំពូលកម្ពុជា គឺរវាងគម្លាត នៃគុណភាពលេងខុសគ្នា នេះជាមូលហេតុដែលពួកគេអាចផ្តល់ឱកាសឱ្យកីទ្បាករយុវជនក្នុងក្រុមទី២របស់ខ្លួន ក៏ដូចជាកីទ្បាករផ្សេងៗទៀតក្នុងក្រុម ដែលមិនសូវមានឱកាសលេង គឺបានឱកាសលេងក្នុងការប្រកួតនោះ»។

លោកបន្តទៀតថា៖«ចំណែកឯការប្រកួត៨ក្រុមចុងក្រោយនេះ ជាមួយពួកយើង ខ្ញុំគិតថាពួកគេច្បាស់ណាស់ថា នឹងប្រើប្រាស់កីទ្បាករបរទេសជួយក្រុមដូចជាការប្រលីគកំពូលដែរ ដោយសារវគ្គនេះគឺសំខាន់ខ្លាំង»។ ការប្រកួតរវាងក្រុមគិរីវង់សុខសែជ័យ និងភ្នំពេញក្រោន នៅជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៃពានសម្តេចថ្នាក់ជាតិលើកទី១៧ ឆ្នាំ២០២៤ នឹងត្រូវលេងនៅកីទ្បដ្ឋានខេត្តតាកែវ វេលាម៉ោង១៥:៣០នាទីរសៀលនេះ។ គួរឱ្យដឹងដែរថា ការប្រកួតពានរង្វាន់ខាងលើ អនុញ្ញាតឱ្យក្រុមនីមួយៗប្រើកូតា ដាក់កីទ្បាករបរទេសចូលលេងបាន ពោលគឺក្លឹបអាចចុះបញ្ជីកីឡាករបរទេសបានចំនួន៦នាក់ និងអាចដាក់ចូលប្រកួតបាន៤នាក់ ក្នុងទម្រង់៣បូក១ គឺត្រូវប្រើកីឡាករអាស៊ីយ៉ាងតិចម្នាក់៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖


