FFC ពិន័យក្លិបស្វាយរៀងនិងភ្នំពេញក្រោនរាប់លានរៀល ជុំវិញករណីប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រទាំងពីរ
Serichopon Ye
15 កុម្ភៈ 2024 02:45 AM

(បាល់ទាត់)៖ សហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC បានផាកពិន័យលើក្លិបព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ជាសាច់ប្រាប់រាប់លានរៀល ជុំវិញករណីប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រទាំងពីរ។ 

ក្លិបព្រះខ័នរាជស្វាយរៀងនិងភ្នំពេញក្រោន ត្រូវបានសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC ចោទប្រកាន់ជុំវិញករណីខាងលើនេះ អំទ្បុងពេលការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League សប្តាហ៍ទី១៩ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ហេតុការណ៍នេះ កើតទ្បើងបន្ទាប់ពីក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះលើក្រុមភ្នំពេញក្រោន ដោយបញ្ចប់លទ្ធផល ៣-២ នៅឯកីទ្បដ្ឋានខេត្តស្វាយរៀង សម្រាប់ការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០២៣-២០២៤ សប្តាហ៍ទី២០។ ក្រុមអ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងអ្នកគាំទ្រក្រុមភ្នំពេញក្រោន បានបើកការវាយតប់គ្នាយ៉ាងខ្លាំងរហូតដល់មានការបង្ករបួសស្នាម ទំនងបង្កឡើងដោយការចាក់នឹងកាំបិតថែមទៀតផង។ 

ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវបាន FFC ពិន័យជាទឹកប្រាក់ប្រមាណជាងពីរលានប្រាំសែនរៀលពីបទមិនបានគ្រប់គ្រងរបៀបរៀបរយ និងគ្រប់គ្រងអ្នកគាំទ្រឱ្យបានល្អក្នុងនាមជាម្ចាស់ផ្ទះ  ខណៈដែលភ្នំពេញក្រោន ក៏ត្រូវបានពិន័យ មួយលានរៀលដែរ ពីបទមិនបានគ្រប់គ្រងអ្នកគាំទ្របានឱ្យបានល្អ។ គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លៃងការណ៍របស់ FFC បានបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀង មានសិទ្ធិប្តឹងទៅគណ:កម្មការឧទ្ធរណ៍ សហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា ក្នុងរយៈពេល ៥ ថ្ងៃ ក្រោយចេញសេចក្តីសម្រេចនេះ៕

សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត