
(បាល់ទាត់)៖ គ្រូបង្គោលរបស់ក្លឹបសិង្ហក្រហមភ្នំពេញក្រោន លោក អូឡេក ស្តារីនស្គី (Oleg Starynskyi) មានមោទកភាពសម្រាប់ក្រុមដែលបានលេងពានរង្វាន់ AFC Cup ចេញពីចិត្ត ទោះបីជាក្រុមមិនអាចឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងតំបន់អាស៊ានក៏ដោយ។

ក្រុមភ្នំពេញក្រោន បានធ្លាក់ចេញពីពានរង្វាន់លំដាប់ទី២ របស់ទ្វីបអាស៊ី AFC Cup ឆ្នាំ ២០២៣-២៤ នាវគ្គពាក់កណ្តាលព្រ័ត្រ តំបន់អាស៊ាន បន្ទាប់ពីត្រូវបានក្រុមម្ចាស់ផ្ទះ Central Coast Mariners លត់ ៤-០ នៅឯកីទ្បដ្ឋាន Industree Group កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

យ៉ាងណា ក្រោយពីបញ្ចប់ការប្រកួត លោក អូឡេក ស្តារីនស្គី បានថ្លៃងនៅក្នុងសន្និសីទសារព័ត៌មានថា៖ «ខ្ញុំពិតជាមានមោទកភាពសម្រាប់ក្រុមដែលបានលេងពានរង្វាន់ AFC CUP។ វាពិបាកនឹងជឿថាយើងបានធ្វើរឿងដ៏អស្ចារ្យក្នុងការប្រកួត AFC CUP។ ខ្ញុំពិតជាមានមោទកភាពចំពោះអ្វីដែលយើងបានធ្វើនេះ។ សម្រាប់ការប្រកួតថ្ងៃនេះយើងបានធ្វើវាដោយចេញពីចិត្ត និងពោរពេញទៅដោយថាមពលដោយប៉ះជាមួយក្រុមដ៏ខ្លាំងរបស់អូស្ត្រាលី»។ លោកបន្តទៀតថា៖ «យើងមានឱកាសល្អមួយចំនួនផងដែរសម្រាប់ការប្រកួតនេះ ហើយក៏ត្រូវបានគេនាំមុខនៅវគ្គទីមួយ ១ ទល់ ០ ប៉ុន្តែអ្វីៗបានប្រែប្រួលបន្ទាប់ពីពួកគេរកបានគ្រាប់បាល់ទីពីរ។ វាគឺជាបទពិសោធដែលយើងអាចរៀនសូត្រពីវា ហើយយើងនឹងមានភាពរីកចម្រើនផងដែរប្រសិនបើមានការប្រកួតប្រជែងរបៀបនេះច្រើននោះ។ វាគឺជាបទពិសោធដែលយើងអាចរៀនសូត្រពីវា ហើយយើងនឹងមានភាពរីកចម្រើនផងដែរប្រសិនបើមានការប្រកួតប្រជែងរបៀបនេះច្រើននោះ»។

គួរបញ្ជាក់ថា ក្រុមសិង្ហក្រហមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោកគ្រូ អូឡេក ស្តារីនស្គី បានសាងកំណត់ត្រាដ៏អស្ចារ្យនៅ AFC Cup ជាក្រុមគេបង្អស់នៅកម្ពុជា ដែលអាចឈ្នះ ៤ ប្រកួតជាប់ៗគ្នានៅក្នុងដី ពោលគឺចាប់ពីវគ្គជម្រុះបឋម (Preliminary Stage) រហូតដល់វគ្គជម្រុះតាមពូលក្នុងតំបន់អាស៊ាន។ អ្វីដែលធ្វើល្អជាងនេះទៅទៀត ក្រុមភ្នំពេញក្រោន មិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់ទ្បើយនៅក្នុងដី ប៉ុន្តែកាលពីប្រកួតក្រៅដីតទល់នឹងក្រុម Tampines Rovers FC នៅសិង្ហបុរី ពួកគេបានរបូតអស់២គ្រាប់ ក៏ដូចជា ៥ គ្រាប់ ពេលប្រកួតចាញ់ក្រុមម្ចាស់ Macarthur FC ៥-០ និង Central Coast Mariners ៤-០ នៅក្នុងទឹកដីអូស្ត្រាលី៕

សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖


