
(បាល់ទាត់)៖ គ្រូបង្គោលរបស់ក្លឹបសិង្ហក្រហមភ្នំពេញក្រោន លោក អូឡេក ស្តារីនស្គី (Oleg Starynskyi) នៅតែបង្ហាញភាពជឿជាក់លើកូនក្រុមរបស់ខ្លួន ទោះបីជាក្រុមជើងខ្លាំងមកពីអូស្ត្រាលីដែលត្រូវប្រកួតគ្នាល្ងាចនេះ មានកម្រិតលេងខ្ពស់ក៏ដោយ។

ក្រុមជើងខ្លាំងមកពីអូស្ត្រាលីខាងលើនេះ កំពុងធ្វើបានយ៉ាងល្អនៅក្នុងលីគកំពូលអូស្ត្រាលី A-League ដោយ ៦ ប្រកួតចុងក្រោយរបស់ពួកគេ ឈ្នះ៣ ស្មើ២ និងចាញ់តែ១លើកប៉ុណ្ណោះ ឈរនៅលេខរៀងទី២ ក្នុងតារាង។ ដោយទ្បែក សម្រាប់ក្រុមភ្នំពេញក្រោន ក៏ធ្វើបានល្អក្នុងលីគកំពូលកម្ពុជាដូចគ្នាដែរ ដោយ៥ប្រកួតចុងក្រោយ របូតចាញ់តែក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ៣-២ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ ខណៈពួកគេកំពុងស្ថិតនៅលេខរៀងទី២ ក្នុងលីគកំពូលកម្ពុជា។

យ៉ាងណា មុនពេលប៉ះគ្នាជាមួយនឹង Central Coast Mariners លោក អូឡេក ស្តារីនស្គី (Oleg Starynskyi) បានថ្លៃងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ ខែកុម្កៈ ឆ្នាំ២០២៤ ថា៖«យើងបានចំណាយពេលវេលា និងកម្លាំងច្រើនដែរសម្រាប់ការមកដល់ទីនេះ ប៉ុន្តែយើងក៏មានភាពរំភើបដូចគ្នា។ ការប៉ះគ្នាជាមួយ Central Coast Mariners គឺនឹងមានភាពតានតឹងជាមួយនឹងការប្រកួតប្រជែងខ្ពស់។ នេះជាការប្រកួតដែលលេងតែមួយប្រកួត ក្នុងការជ្រើសរើសអ្នកឈ្នះឡើងទៅវគ្គបន្ត។ វានឹងក្លាយទៅជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមអូស្ត្រាលីនេះគឺជាក្រុមមួយដែលលេចធ្លោរបើយើងប្រៀបធៀបជាមួយក្រុមផ្សេងៗទៀត។ ក្នុងបាល់ទាត់អ្វីៗក៏អាចកើតមានឡើងដែរ យើងសង្ឃឹមថាយើងនឹងអាចធ្វើវាបាន ព្រោះគ្រប់គ្នាដែលមកទីនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីការប្រកួត។» ជាមួយគ្នានោះដែរ ប្រធានក្រុមភ្នំពេញក្រោន កីទ្បាករ អ៊ន ចាន់ប៉ូលីន ក៏បាននិយាយថា៖ «ខ្ញុំរីករាយណាស់សម្រាប់ការប្រកួតនៅថ្ងៃស្អែក យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ យើងមកទីនេះជាមួយក្ដីរំពឹងទុក ហើយយើងក៏សង្ឃឹមថានឹងឈ្នះការប្រកួតនៅថ្ងៃស្អែកនេះដូចគ្នា។»

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងតំបន់អាស៊ាន នៃពានរង្វាន់លំដាប់ទី២ទ្វីបអាស៊ី AFC Cup ឆ្នាំ២០២៣ រវាងក្រុម Central Coast Mariners និងភ្នំពេញក្រោន នឹងចាប់ផ្តើមនៅម៉ោង៤:០០ល្ងាចម៉ោងនៅកម្ពុជា នាឯកីទ្បដ្ឋាន Industree Group របស់ប្រទេសអូស្ត្រាលី។ ក្នុងថ្ងៃជាមួយគ្នានេះ ក្រុមបាល់ទាត់ Macarthur FC របស់អូស្ដ្រាលី ត្រូវស្វាគមន៍ Sabah ក្រុមរបស់ម៉ាឡេស៊ី នៅវេលាម៉ោង ២:០០រសៀល៕
សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖


