
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នឹងរៀបចំកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» អមដោយពិពណ៌សិប្បកម្មខ្មែរ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ។ ការរៀបចំកម្មវិធីនេះទៀតសោធ ក្រសួងលើកទឹកចិត្តដល់សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានចូលរួមទស្សនា និងផ្សព្វផ្សាយដោយសេរី ដើម្បីបន្តរួមគ្នាថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងវប្បធម៌ឱ្យដឹងបន្ថែមថា ការរៀបចំកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ទី២ ខែមីនា ឆ្នាំ២០២៤។ រៀបចំឡើងក្នុងគោលបំណង ថែរក្សាប្រពៃណី កេរដំណែលអរូបីរបស់ដូនតាខ្មែរដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ហើយកម្មវិធីនេះជាការបំផុសស្មារតីកូនខ្មែរ ឱ្យស្រឡាញ់វប្បធម៌របស់ខ្លួនជាពិសេសជំរុញឱ្យស្ត្រីខ្មែរ យល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ។ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មការរៀបចំកម្មវិធី មានប្រសាសន៍ថា៖«គោលបំណងរបស់ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះគឺជាកេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបានបន្សល់ទុកមក ដូច្នេះក្នុងនាមយើងជាទំពាំងស្នងឫស្សី យើងជាយុវជនខ្មែរ គឺយើងត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា»។

ការរៀបចំ«[រាត្រីសមោសរសំពត់បត់ខ្មែរ] អមដោយពិពណ៌សិប្បកម្មខ្មែរ» នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ។ តាមការគ្រោងទុកកម្មវិធីក្រៅពីកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ» ក៏មាន«ពិពណ៌សិប្បកម្មខ្មែរ» ដែលនឹងប្រារព្ធធ្វើឡើងរយ:ពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ មីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលសន្និសីទចតុម្មុខផងដែរ៕





