
(បាល់ទាត់)៖ ខ្សែការពារ សារ៉េត គ្រីយ៉ា របស់ក្លឹបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីទទួលបានការសរសើរពីសំណាក់អ្នកគាំទ្ររបស់ក្លឹបព្រះខ័នរាជស្វាយរៀង អំពីទម្រង់លេងបានយ៉ាងល្អពី១ប្រកួតទៅ១ប្រកួត ពេលនេះ លោក Pep Muñoz ដែលជាគ្រូបង្វឹក និយាយថា រូបគេជាកីទ្បាករដែលមានទម្រង់លេងនៅតំបន់អឺរ៉ុបត្រូវការបំផុត..។

កីទ្បាករវ័យ២៨ឆ្នាំរូបនេះ ពិតជាបង្ហាញទម្រង់លេងបានយ៉ាងល្អមែនទែនពី១ប្រកួតទៅ១ប្រកួត ក្រោមការចង្អុលបង្ហាញរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Muñoz នារដូវកាលនេះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៥ប្រកួតរួមទាំង CPL និងពានសម្តេចតេជោថ្នាក់ជាតិ សារ៉េត គ្រីយ៉ា ក្នុងនាមជាខ្សែការពារស្លាបស្តាំ អាចរកបាន៤គ្រាប់ជាប់ៗគ្នា និងបញ្ជូនបាល់ឱ្យមិត្តក្រុមបញ្ចប់ទីម្តងផងដែរ។

យ៉ាងណា ទាក់ទងនឹងទម្រង់លេងបានយ៉ាងល្អនេះ លោក Pep Muñoz ដែលជាគ្រូបង្វឹករបស់ក្លឹបព្រះខ័នរាជស្វាយរៀង បាននិយាយបញ្ជាក់យ៉ាងដូច្នេះថា៖«ជាការពិតណាស់! រដូវកាលនេះ កីឡាករដែលជាខ្សែការពារស្លាប សារ៉េត គ្រីយ៉ា មានការរីកចម្រើន និងអភិវឌ្ឍខ្លួនបានល្អមែនទែន ជាពិសេសយល់ដឹងពីរប្រៀបលេងរបស់ក្រុម ក៏ដូចជាយល់ដឹងពីតំបន់ទំនេរ និងការធ្វើចលនារបស់គេល្អទាំងនៅតំបន់ប្រយុទ្ធ និងការពារ។ ដូច្នេះ បច្ចេកទេស ក៏ដូចជារបៀបលេង និងមានភាពវ៉ៃឆ្លាតនៅលើទីលាន ខ្ញុំយល់ឃើញថា បច្ចុប្បន្ន សារ៉េត គ្រីយ៉ា គឺជាកីទ្បាករល្អបំផុតនៅក្នុងលីគកំពូលកម្ពុជា ហើយរូបគេក៏ជាកីទ្បាករម្នាក់មានទម្រង់លេងដែលនៅតំបន់អឺរ៉ុបត្រូវការផងដែរ..។»

គួរបញ្ជាក់ថា ក្លឹបព្រះខ័នរាជស្វាយរៀង ត្រូវបានគេរំពឹងថា ទំនងអាចនឹងឈ្នះពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា នារដូវកាល ២០២៣-២៤ នេះមិនខាន ខណៈដែលក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ កំពុងឈរនៅលើកំពូលពិន្ទុតារាងលីគកំពូលកម្ពុជា សម្រាប់សប្តាហ៍ទី២២ ដោយក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន កំពុងប្រដេញតាមក្រោយពួកគេចំនួន៧ពិន្ទុ ស្របពេលការប្រកួតនៅសល់៥ប្រកួតទៀត មុនពេលឈានទៅវគ្គចុងក្រោយ..៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖


