(បាល់ទាត់)៖ ក្រុមអ្នកគាំទ្ររបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនិងភ្នំពេញក្រោន បានបើកការវាយតប់គ្នាយ៉ាងខ្លាំងរហូតដល់ មានការបង្ករបួសស្នាមទំនងបង្កឡើងដោយការចាក់នឹងកាំបិត ខណៈដែលសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC ក្រុមហ៊ុនលីគកម្ពុជា ក៏ដូចជាភាគីក្លិបទាំងសង នៅមិនទាន់ចេញមុខបំភ្លឺនៅទ្បើយ ស្របពេលអ្នកគាំទ្ររបស់ក្លិបទាំងពីរ កំពុងក្ដៅគគុកលើបណ្តាញសង្គម យកត្រូវរៀងៗខ្លួន។

ហេតុការណ៍នេះ កើតឡើងនៅក្រោយពីក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះលើក្រុមភ្នំពេញក្រោន ដោយបញ្ចប់លទ្ធផល ៣-២ នៅឯកីទ្បដ្ឋានខេត្តស្វាយរៀង សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៣-២០២៤ សប្តាហ៍ទី២០។

ក្រុមអ្នកគាំទ្ររបស់ក្លិបទាំងពីររាប់សិបនាក់បានបើកការវាយតប់ទៅវិញទៅមកនៅក្រៅទីលាន ខណៈដែលក្រុមសមត្ថកិច្ចក៏បានចូលទៅឃាត់ក្រុមបង្កជម្លោះផងដែរ។ ប្រភពវីដេអូជាច្រើននៅលើបណ្តេញសង្គមបង្ហាញថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមអ្នកគាំទ្ររបស់ក្លិបទាំងពីរ បានបណ្តាលឱ្យអ្នកគាំទ្ររបស់ក្លិបភ្នំពេញក្រោនម្នាក់មានរបួសស្នាម និងមានហូរឈាមថែមទៀត។ យ៉ាងណា ចាប់ពីយប់ថ្ងៃអាទិត្យទី០៤កុម្ភៈ មកដល់ព្រឹកថ្ងៃចន្ទទី០៥កុម្ភៈ គេនៅមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់ដែលនាំដល់ការប៉ះទង្គិចគ្នាដ៏ហិង្សាមិនធ្លាប់មានមួយនេះដែរ។ ទន្ទឹមនេះ សហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC ក៏ដូចជា CPL រួមទាំងក្លិបទាំងសងខាង ក៏នៅមិនទាន់ចេញសេចក្តីថ្លៃងការណ៍ ឬបំភ្លឺជុំវិញបញ្ហាខាងលើនេះដែរ ស្របពេលអ្នកគាំទ្ររបស់ក្លិបទាំងពីរ បានបញ្ចេញមតិលើបណ្តាញសង្គម ក្នុងន័យអះអាងថាភាគីខ្លួនជាអ្នកត្រូវរៀងៗខ្លួន។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីក្រុមព្រះខ័នរាជស្វាយរៀង វាយបកឈ្នះលើភ្នំពេញក្រោន ពួកគេនៅតែបន្តឈរលេខរៀងទី១ ក្នុងលីគកំពូលកម្ពុជា CPL សប្តាហ៍ទី ២០ ដដែល ដោយបង្កើនគម្លាតពិន្ទុដល់ទៅ៥ពិន្ទុ។ សូមជម្រាបថា នេះទំនងជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្របាល់ទាត់លីគកម្ពុជាដែលមានករណីអ្នកគាំទ្របង្កហិង្សាដល់បង្ហូរឈាមបែបនេះ៕
សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖



