ក្លឹបព្រះខ័នរាជស្វាយរៀងចេញសេចក្ដីថ្លៃងការណ៍ ជុំវិញករណីប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រទាំងពីរ
Serichopon Ye
05 កុម្ភៈ 2024 08:00 AM

(បាល់ទាត់)៖ ថ្នាក់ដឹកនាំនៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចេញសេចក្ដីថ្លៃងការណ៍មួយ លើករណីប៉ះទង្គិចហិង្សារវាងក្រុមអ្នកគាំទ្រភ្នំពេញក្រោន និងក្រុមអ្នកគាំទ្រស្វាយរៀង ក្រោយពីបញ្ចប់ការប្រកួតលីគសប្តាហ៍ទី២០ កាលពីយប់មិញ...។ 

នៅក្នុងសេចក្ដីថ្លៃងការណ៍សង្ខេបរបស់ក្លឹបព្រះខ័នរាជស្វាយរៀង ត្រូវបានដកស្រង់ចេញពីផេកផ្លូវការរបស់ក្លឹប នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា៖ ក្លឹបសូមសម្តែងនូវការសោកស្ដាយ ចំពោះហេតុការណ៍ដែលបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ក្រោយពីការប្រកួតរបស់យើងទល់នឹងក្រុមភ្នំពេញក្រោន បានបញ្ចប់ មានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រក្រុមភ្នំពេញក្រោន នឹងអ្នកគាំទ្រក្រុមព្រះខ័នរាជស្វាយរៀង។ ក្នុងនាមយើងជាម្ចាស់ផ្ទះ ពិតជាមានសេចក្ដីសោកស្ដាយជាខ្លាំង ចំពោះហេតុការណ៍បែបនេះកើតឡើងនៅក្នុងកីឡដ្ឋានរបស់យើង។ ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ បានបន្ថែមថា៖«យើងខ្ញុំសូមធ្វើការអំពាវនាវដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងពង្រឹងបន្ថែមទៀត ក្នុងការគ្រប់គ្រងសុខសុវត្ថិភាពដល់អ្នកចូលទស្សនា ដើម្បីធានាឱ្យបាននូវបរិយាកាសសប្បាយរីករាយ និងភាពជឿជាក់ជូនបងប្អូនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ក្នុងប្រទេស ជាពិសេសដើម្បីបង្ការកុំឱ្យមានហេតុការណ៍បែបនេះកើតឡើងនាពេលក្រោយទៀត»

គិតមកត្រឹមល្ងាចថ្ងៃដដែលនេះ ក្លឹបព្រះខ័នរាជស្វាយរៀង ជាភាគីដំបូង ដែលបានចេញក្ដីថ្លែងការណ៍លើករណីប៉ះទង្គិចហិង្សារវាងក្រុមអ្នកគាំទ្រភ្នំពេញក្រោន និងក្រុមអ្នកគាំទ្រស្វាយរៀង ស្របពេលភាគីខាងភ្នំពេញក្រោននៅមិនទាន់ចេញមុខបំភ្លឺនៅទ្បើយ ខណៈដែលមន្រ្តីសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC ក៏ដូចជាក្រុមហ៊ុនលីគកំពូលកម្ពុជា CPL កំពុងធ្វើការស៊ើបអង្កេតលើរឿងនេះយ៉ាងម៉ត់ចត់ផងដែរ។ ហេតុការណ៍នេះ កើតទ្បើងបន្ទាប់ពីក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះលើក្រុមភ្នំពេញក្រោន ដោយបញ្ចប់លទ្ធផល ៣-២ នៅឯកីទ្បដ្ឋានខេត្តស្វាយរៀង សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៣-២០២៤ សប្តាហ៍ទី២០ ខណៈក្រុមអ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងអ្នកគាំទ្រក្រុមភ្នំពេញក្រោន បានបើកការវាយតប់គ្នាយ៉ាងខ្លាំងរហូតដល់មានការបង្ករបួសស្នាម ទំនងបង្កឡើងដោយការចាក់នឹងកាំបិតថែមទៀតផង..៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត