ក្រោយរងការរិះគន់ពីពលរដ្ឋករណីស្រុតច្រាំងស្ទឹងសង្កែ ពេលនេះអាជ្ញាធរខេត្តបាត់ដំបងចេញបំភ្លឺ
យិត​​ ស្រីល័ក្ខ
26 កុម្ភៈ 2024 08:30 AM

ខេត្តបាត់ដំបង៖ ក្រោយមានប្រជាពលរដ្ឋផុសរិះគន់តាមបណ្តាញសង្គមពីករណីបាក់ច្រាំងស្ទឹងសង្កែ។ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរបានចេញសេចក្តីបំភ្លឺថា ការបាក់ស្រុតច្រាំងស្ទឹងដោយសាររដ្ឋបាលខេត្តបានទម្លាក់កម្ពស់ទឹកស្ទឹងសង្កែដើម្បីសាងសង់ស្ថានីយបូមទឹកឆៅសម្រាប់ផ្គត់ផ្គង់រោងចក្រផលិតកម្មទឹកស្អាត...។

រដ្ឋបាលខេត្តបាត់ដំបង បានបំភ្លឺជាថ្មីៗថា មានការបង្ហោះព័ត៌មានពីច្រាំងស្ទឹងសង្កែដែលបានបាក់ស្រុតនៅលើបណ្តាញសង្គមបង្កឱ្យមានការភាន់ច្រឡំ ចំពោះករណីនេះរដ្ឋបាលខេត្តសូមបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីសាងសង់ស្ថានីយបូមទឹកឆៅសម្រាប់ផ្គត់ផ្គង់រោងចក្រផលិតកម្មទឹកស្អាត ដែលជាជំនួយហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ មានសមត្ថភាពផលិតទឹកស្អាតបាន៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ប៉ុន្តែគួរឱ្យសោកស្ដាយ ដោយសារបន្ទាប់ពីការទម្លាក់កម្ពស់ទឹករួចពិនិត្យឃើញថា ច្រាំងស្ទឹង​​​​ ដែលទើបនឹងកសាងរួចមានកន្លែងខ្លះត្រូវបាក់ស្រុតកន្លងមកក្រុមហ៊ុនបានខិតខំធ្វើការកសាងយ៉ាងយកចិត្តទុកដាក់​ ចំពោះទីតាំងច្រាំងស្ទឹងដែលធ្លាប់តែបាក់ស្រុតនេះ ដោយកាយយកដីស្អុយចេញ និងចាក់បំពេញដីឥដ្ឋ និងក្រាលដុំថ្មដោយកិនបង្ហាប់តាមស្រទាប់នីមួយៗ។

រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងបន្តថា ច្រាំងស្ទឹងដែលបាក់ស្រុតនេះ ស្ថិតក្នុងអំឡុងពេលសុពលភាពជួសជុលថែទាំរបស់ក្រុមហ៊ុននៅឡើយ ដូច្នេះក្រុមហ៊ុននឹងបន្តសិក្សាលក្ខណៈបច្ចេកទេសបន្ថែមទៀត ដើម្បីរៀបចំជួសជុលច្រាំងស្ទឹងឡើងវិញ ហើយរដ្ឋបាលខេត្តនឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលក្ខណៈបច្ចេកទេស ដែលក្រុមហ៊ុននឹងបន្តធ្វើការជួសជុលឡើងវិញនៅពេលខាងមុខ។ សូមរំឭកថា កាលពីអំទ្បុងខែកុម្ភៈ ក្នុងឆ្នាំ២០២៣ អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការស្ថាបនាឡើងវិញនូវច្រាំងស្ទឹងសង្កែចំនួន៤ទីតាំង។ ទីតាំងទី១. នៅមុខភោជនីយដ្ឋានអាស៊ាន, ទីតាំងទី២. ចាប់ពីស្ពានថ្មថ្មីដល់វេទិកាអុំទូក, ទីតាំងទី៣. ចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង ដល់ជិតផ្សាររាត្រី និងទីតាំងទី៤. ចាប់ពីស្ពានសម្តេចតេជោ ហ៊ុន សែន មកដល់ផ្សាររាត្រី

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត