
ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំចំណតរថយន្តក្រុង (City Bus) ចំនួន៦០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណជនក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌដោយមិនបង់ប្រាក់ពី បាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកាលពីថ្ងៃទី៩តុលាមិ្សលមិញ...។

អាជ្ញាធរខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ-កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពី ភ្នំពេញ-បាត់ដំបង ចេញដំណើរតាមផ្លូវជាតិលេខ៥ គឺចាប់ពីវេលាម៉ោង៦:៣០នាទីព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹក នៅចំណតស្ថានីយរថយន្តក្រុងសួនឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលធ្វើដំណើរពី បាត់ដំបង-ភ្នំពេញ ចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង៦:៣០នាទីព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹក នៅចំណតរថយន្តផ្សារទំនើប ភួពុយ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ទន្ទឹមនឹងនោះ អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវរក្សាតម្លៃដឹកជញ្ជូនឱ្យនៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕





