
ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងពន្លឿនការងារសាងសង់សួនមាត់ស្ទឹងសង្កែត្រើយខាងលិច ស្ថិតនៅទីតាំងចន្លោះស្ពានសម្តេចតេជោ និងស្ពានសម្តេចក្រឡាហោម នៃក្រុងបាត់ដំបង ដើម្បីឱ្យបានរួចរាល់មុនពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបរបស់ខេត្ត នាពេលខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ ជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបងទាំងមូល ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ នាថ្ងៃសៅរ៍-អាទិត្យ១៤-១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានោះដែរ សម្រាប់ពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង រដ្ឋបាលខេត្តបានរៀបចំដោយមានការប្រណាំងទូក(ង) ខ្នាតប្រពៃណីជាតិ, ទូកខ្នាតអន្តរជាតិ, ទូកមង, ទូកផ្កាចារ និងនៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម ដូច្នេះសូមបងប្អូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងខេត្តបាត់ដំបង ជ្រាបជាដំណឹង និងសូមអញ្ជើញមកចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា ឱ្យមានភាពឱឡារិកអធិកអធមច្រើនកុះករផង និងដើម្បីជំរុញវិស័យទេសចរផ្ទៃក្នុងរបស់យើងឱ្យកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត...៕ រាយការណ៍ដោយ៖ ភ្នាក់ងារបាត់ដំបង






