គ្រូបឹងកេតទទួលស្គាល់ថា ក្រុមកាន់តែនៅឆ្ងាយពីការប្រជែងពានក្រោយចាញ់វិសាខាយប់មិញ
Serichopon Ye
26 កុម្ភៈ 2024 02:48 AM

(បាល់ទាត់)៖ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់ក្រុមវិសាខា ១-២ គ្រូបង្គោលស្តីទីរបស់ក្រុមបឹងកេត លោក ហុង ផេង ទទួលស្គាល់ថា ក្រុមរបស់លោកកាន់តែនៅឆ្ងាយពីការប្រកួតប្រជែងដណ្តើមពានលីគកំពូលកម្ពុជា Cambodia Premier League នារដូវកាល ២០២៣-២៤ តែលោកក៏បានកំណត់គោលដៅយកTop៤ ផងដែរ..។ 

ក្នុងជំនួបដ៏ជក់ចិត្តរវាងក្រុមម្ចាស់ផ្ទះបឹងកេត ដែលបាននាំមុខលើក្រុមភ្ញៀវមុននៅនាទី៤៥នៃតង់ទី១ ដោយកីទ្បាករ ឱ ភារុណ មុនពេលក្រុមវិសាខា ធ្វើការវាយបករកបាន២គ្រាប់មកវិញនៅនាទី៥៨ និង៦០ ក្នុងតង់ទី២ ដោយកីទ្បាករ Jonata Bastos។ តាមរយៈលទ្ធផលនេះ ធ្វើឱ្យក្រុមបឹងកេត ហាក់បីជានៅឆ្ងាយពីការប្រកួតប្រជែងដណ្តើមពានលីគកំពូលកម្ពុជាសម្រាប់រដូវកាល ២០២៣-២៤ នេះហើយ។ តែយ៉ាងណា ក្រោយពីបញ្ចប់ការប្រកួត លោក ហុង ផេង បានថ្លៃងនៅក្នុងសន្និសីទកាសែតថា៖ «ជាការពិតណាស់ យើងដឹងស្រាប់ហើយថា ការប្រកួតប្រជែងដណ្តើមពានរង្វាន់លីគ គឺយើងស្ថិតនៅឆ្ងាយហើយ យើងមិនអាចទៅដណ្តើមពានបានទ្បើយ តែអ្វីដែលសំខាន់ គឺយើងព្យាយាមស្វែងរកកៅអី Top ៤ ព្រោះយើងនៅមានឱកាសច្រើនសម្រាប់ Top ៤ ខ្ញុំនៅតែជឿជាក់លើក្រុមរបស់ខ្ញុំ អាចធ្វើវាបាន..។»

បច្ចុប្បន្ន ក្រុមបឹងកេត កំពុងស្ថិតនៅលេខរៀងទី៤ ក្នុងលីគកំពូលកម្ពុជាសម្រាប់សប្តាហ៍ទី២២ ដោយមាន៣១ពិន្ទុដូចគ្នានឹងក្រុមលេខ៥ ISI ស្របពេលការប្រកួតលីគនៅសល់តែ៥ប្រកួតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ជុំទី៣..។ សូមបញ្ជាក់ថា ក្លឹបបឹងកេត បានខកខានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា អស់រយៈពេល៣ឆ្នាំមកហើយ ក្រោយពីពួកគេឈ្នះពានលើកចុងក្រោយ ដែលជាពានលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបកាលពីរដូវកាល២០២០..៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត