
(បាល់ទាត់)៖ បន្ទាប់ពីផ្ទេរមកកាន់ក្លិបបាល់ទាត់បឹងកេត កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ខ្សែបម្រើ អង់តូនី លឺម៉ែរ៉េ (Antoine Lemarié) មិនសូវបានបង្ហាញខ្លួនជាញឹកញាប់ទេ ព្រោះកីទ្បាកររអឺរ៉ុបរូបនេះមិនទាន់យល់ពីរប្រៀបលេងរបស់ក្រុម។ នេះបើយោងតាមការបញ្ជាក់របស់គ្រូបង្វឹកបណ្នោះអាសន្ន លោក ហុង ផេង។

អ្នកគាំទ្ររបស់ក្លិបខាងលើនេះជាច្រើននាក់ចង់ឃើញកីទ្បាករអឺរ៉ុបរូបនេះមាននាទីលេងច្រើនឱ្យក្រុម ពិសេសសម្រាប់ការប្រកួតសំខាន់ៗក្នុងលីគ និងពានរង្វានផ្សេងៗទៀតនៅក្នុងស្រុក។ កីទ្បាករសញ្ជាតិបារាំងវ័យ ២៧ ឆ្នាំរូបនេះបានផ្ទេរមកកាន់ក្លិបបាល់ទាត់បឹងកេត នាអំទ្បុងទីផ្សារដោះដូរកីទ្បាករលើកទី២ ពី Rovaniemen Palloseura (RoPS FC) នៃលីគទី៣របស់ប្រទេសហ្វាំងឡង់។ លោក ហុង ផេង ដែលជាគ្រូបង្វឹករបស់ក្រុមបឹងកេតបណ្នោះអាសន្ន បានថ្លៃងប្រាប់ក្នុងសន្និសីទសារព័ត៌មានជុំវិញរឿងខាងលើនេះ បន្ទាប់ពីបញ្ចប់ការប្រកួតយកឈ្នះលើក្រុមភ្ញៀវ ISI ៤-១ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិកថា៖ «សម្រាប់ខ្សែបម្រើសញ្ជាតិបារាំង អង់តូនី លឺម៉ែរ៉េ (Antoine Lemarié) មិនសូវបង្ហាញខ្លួនញឹកញាប់ ក៏ព្រោះតែរូបគេមិនទាន់យល់ពីរប្រៀបលេង ក៏ដូចជាតាក់តិចរបស់ក្រុម ជាហេតុធ្វើឱ្យរូបគេខកខានប៉ុន្មានការប្រកួតកន្លងមកនេះ»។

លោកបន្តទៀតថា៖ «ខ្ញុំគិតថាកីទ្បាករអឺរ៉ុបរូបនេះក៏សម្របខ្លួនរួចរាល់ផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ អង់តូនី លឺម៉ែរ៉េ នៅខ្វះខាតយល់ដឹងពីប្រៀបលេង ក៏ដូចជាតាក់តិរបស់ក្រុម។ អ៊ីចឹងហើយ កីទ្បាកររូបណាយល់ដឹងពីរឿងទាំងអស់នេះ នោះពួកគេនឹងមានអាទិភាពចូលលេងបាន»។ គួររំឭកដែរថា អង់តូនី លឺម៉ែរ៉េ (Antoine Lemarié) បានបង្ហាញខ្លួនឱ្យក្រុមចំនួន ៣ ប្រកួតរួចមកហើយ ពោលគឺពេលប្រកួតទល់នឹងក្រុមវិសាខា (ចាញ់ ២-០), គិរីវង់សុខសែនជ័យ (ឈ្នះ ៦-0) និង Tiffy Army (ស្មើគ្នា ០-០) ផងដែរ៕




