
(បាល់ទាត់)៖ គ្រូបង្គោលស្តីទីបឹងកេត លោក ហុង ផេង បានបញ្ជាក់ថារូបលោកនៅមិនទាន់ដឹងច្បាស់នៅទ្បើយនោះទេថាតើ សៀង ចន្ធា អាចនឹងចូលលេងឱ្យក្រុមបានដែរឬអត់ ទោះបីជាកីឡាករដ៏សំខាន់របស់ក្លិបរូបនេះបានបញ្ចប់កុងត្រាមុនពេលកំណត់ជាមួយក្លិបនៅកាតា និងបានចូលរួមហ្វឹកហាត់ជាមួយបឹងកេតវិញក៏ដោយ។

ខ្សែប្រយុទ្ធ សៀង ចន្ធា បានចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុមលើកដំបូងនៅឯកន្លែងហ្វឹកហាត់មរតកតេជោ កាលពីថ្ងៃពុធទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្រុម Al Shahaniya SC ក្នុងលីគទីពីរប្រទេសកាតាកាលពីដើមខែកុម្ភៈកន្លងទៅថ្មីៗនេះ។

សៀង ចន្ធា ត្រូវបានក្លិប Al Shahaniya SC បញ្ចប់កិច្ចសន្យាខ្ចីជើងមុនពេលកំណត់ ក្រោយពីមានការឯកភាពគ្នារវាងក្លិបទាំងសងខាង។ មែនទែនទៅ កិច្ចសន្យារបស់ខ្សែប្រយុទ្ធមានប្រភពពីសាលាបាល់ទាត់ជាតិបាទីមួយនេះ គឺមានពេញមួយរដូវកាលរបស់លីគទី២កាតា ក្នុងខែមេសាឆ្នាំ២០២៤ តែត្រូវបញ្ចប់មុនរយៈពេល២ខែ ក៏ព្រោះតែពិបាកសម្របខ្លួនក្នុងការរស់នៅប្រទេសកាតា ក៏ដូចជាអាកាលធាតុក្ដៅ និងបញ្ហារបបអាហារជាដើម។សៀង ចន្ធា ក៏បានស្នើសុំក្លឹបយករូបគេត្រឡប់មកកម្ពុជាវិញ តាំងពីពេលចប់ជុំទី១ មកម្ល៉េះ ប៉ុន្តែប្រធានក្លឹប លោកស្រី ពុធ ធីតា ជំរុញក៏ដូចជាលើកទឹកចិត្តរូបគេ ឱ្យព្យាយាមជម្នះការលំបាកនៅទីនោះ នៅក្នុងការចេញទៅប្រកបអាជីពក្រៅប្រទេសជាលើកដំបូង។

យ៉ាងណា ទាក់ទងនឹងការវិលត្រលប់មកហ្វឹកហាត់ជាមួយក្រុមលើកដំបូង គ្រូបង្គោលស្តីទីបឹងកេត លោក ហុង ផេង បានថ្លៃងប្រាប់អង្គភាពសារព័ត៌មាន SBM News ថា៖ «សៀង ចន្ធា ជាកីទ្បាករដ៏មានសក្តានុពល ដែលបានចូលរួមជាមួយនឹងក្រុមបឹងកេត។ ដូច្នេះហើយ ខ្ញុំគិតថាពួកយើងមានផលជំនេញច្រើនសម្រាប់ក្រុម ក៏ប៉ុន្តែមិនទាន់ច្បាស់ថារូបគេអាចនឹងចូលលេងឱ្យក្រុមបានដែរឬអត់នោះទ្បើយ ដោយសារទីផ្សារដោះដូរកីទ្បាករត្រូវបានបិទទ្វារ»។ គួរបញ្ជាក់ថា ការហ្វឹកហាត់លើកដំបូងរបស់ សៀង ចន្ធា ត្រូវបានអ្នកគាំទ្ររបស់ក្លិបរំពឹងទុកថាទំនងជាបង្ហាញខ្លួនលើកដំបូងឱ្យក្រុមបឹងកេត ពេលប៉ះគ្នាជាមួយនឹងក្រុមព្រៃវែង FC ក្នុងពានរង្វាន់ក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៣-២០២៤ សប្តាហ៍ទី ២១ នៅចុងសប្តាហ៍នេះ ក៏ដូចជាពានរង្វាន់សម្តេចថ្នាក់ជាតិលើកទី ១៧ នាវគ្គ ៨ ក្រុមចុងក្រោយ ដែលត្រូវប៉ះគ្នាជាមួយ ISI នៅជើងទី ២ ថ្ងៃពុធទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖


