ច្បាស់ហើយ! សៀង ចន្ធា នឹងត្រលប់មកហ្វឹកហាត់ជាមួយក្រុមបឹងកេតឆាប់ៗ ក្រោយចែកផ្លូវជាមួយ Al Shahaniya
Serichopon Ye
02 កុម្ភៈ 2024 11:00 AM

(បាល់ទាត់)៖ អគ្គលេខាធិការក្លឹបកីឡាបាល់ទាត់បឹងកេត លោក បែ មករា បានចេញមុខអះអាងថា កិច្ចព្រមព្រៀងរវាងក្លឹបបឹងកេត និង Al Shahaniya ក្នុងលក្ខខណ្ឌខ្ចីជើងកីទ្បាករ សៀង ចន្ធា ត្រូវបានបញ្ចប់ជាស្ថាពរ ខណៈ សៀង ចន្ធា នឹងត្រលប់មកជំរំហ្វឹកហាត់របស់ក្រុមឆាប់ៗនេះ...។ 

មែនទែនទៅ ទាក់ទងនឹងបញ្ហាខាងលើនេះ លោក បែ មករា បានប្រាប់ឱ្យដឹងថា៖«ជាការពិតណាស់! សៀង ចន្ធា បានផ្លាស់ទៅកាន់ក្លឹប Al Shahaniya ក្នុងលក្ខខណ្ឌខ្ចីជើងពីបឹងកេត ពោលគឺរូបគេនៅតែជាកីទ្បាករបស់ក្លឹបដើមពេញសិទ្ធិដដែល។ ដោយទ្បែក ការលេងរបស់ សៀង ចន្ធា គឺមិនមានបញ្ហាទេ។ សៀង ចន្ធា បានលេងជារឿយៗ និងជួយរកគ្រាប់បាល់សម្រាប់ក្រុមបានផងដែរ។ ប៉ុន្តែអ្វីជាបញ្ហារបស់គេ គឺពិបាកសម្របខ្លួនក្នុងការរស់នៅទីនោះដោយសារអាកាលធាតុក្ដៅ និងបញ្ហារបបអាហារ។ ចន្ធា ក៏បានស្នើសុំក្លឹបយករូបគេត្រឡប់មកកម្ពុជាវិញ តាំងពីពេលចប់ជុំទី១ មកម្ល៉េះ ប៉ុន្តែប្រធានក្លឹប លោកស្រី ពុធ ធីតា ជំរុញក៏ដូចជាលើកទឹកចិត្តរូបគេ ឱ្យព្យាយាមជម្នះការលំបាកនៅទីនោះ នៅក្នុងការចេញទៅប្រកបអាជីពក្រៅប្រទេសជាលើកដំបូង។ សៀង ចន្ធា ក៏បានបន្តព្យាយាមនៅកាតា។ យ៉ាងណា ឥឡូវនេះក្លឹបបឹងកេត និង Al Shahaniya បានព្រមព្រៀងគ្នាទៅវិញទៅមក និងបាននាំយក សៀង ចន្ធា ត្រលប់មកកម្ពុជាវិញ។ ដូច្នេះ សៀង ចន្ធា នឹងចូលរួមហ្វឹកហាត់ជាមួយក្រុមឆាប់ៗនេះ»។ 

កីឡាករ សៀង ចន្ធា ត្រូវបានគេប្រទះឃើញក្នុងការប្រកួតសម្តេចថ្នាក់ជាតិ លើកទី១៧ ឆ្នាំ២០២៣-២៤ រវាងក្រុមបឹងកេត ដែលពួកគេឈ្នះលើសៀមរាប ៤-០ នៅឯពហុកីទ្បដ្ឋានជាតិ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ សូមបញ្ជាក់ថា សៀង ចន្ធា ជាកីទ្បាករខ្មែរទី១ ដែលបានទៅប្រកបអាជីពបាល់ទាត់នៅក្នុងប្រទេសកាតា ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបបឹងកេត កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត