
(បាល់ទាត់)៖ គ្រូបង្វឹកក្លឹបបឹងកេត លោក ហុង ផេង អះអាងថាកូនក្រុមរបស់លោកមានភាពភ័យខ្លាច ជាហេតុធ្វើធ្វើឱ្យពួកគេចាញ់ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនកាលពីម្សិលមិញ ក្នុងលទ្ធផល១ទល់នឹង០។

នៅក្នុងជំនួបដ៏ជក់ចិត្តដែលត្រូវបានឱ្យឈ្មោះថា The Cambodia Classic Match ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានយកឈ្នះលើក្រុមបឹងកេត ១-០ ដោយខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Shintaro Shimizu ស៊ុតបញ្ចូលទីនៅនាទី ២០ ហើយគ្រាប់បាល់ត្រូវបានរក្សាបែបនេះរហូតដល់ចប់៩០នាទី។

ក្រោយពីបញ្ចប់ការប្រកួតខាងលើនេះ លោក ហុង ផេង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានពីចំណុចខ្វះខាតរបស់លោកក្រុមថា៖ «ខ្ញុំយល់ឃើញថាពួកគេ[កីឡាករក្លឹបបឹងកេត]ធ្វើបានយ៉ាងល្អ ប៉ុន្តែមានកីទ្បាករមួយចំនួនតូចមានការភ័យខ្លាច ដោយសារការប្រកួតធំ Classic Match មានអ្នកគាំទ្រច្រើនខ្លាំង»។ លោកបន្តទៀតថា កីទ្បាកររបស់លោកមានការជ្រួល ក៏ដូចជាបារម្ភខ្លាំងពេកទើបធ្វើឱ្យពិបាកគ្រប់គ្រងអារម្មណ៍លើទីលាន ជាហេតុបង្កកំហុសឱ្យគូរប្រកួតរកគ្រាប់បាល់បាន។

គួរបញ្ជាក់ថា បន្ទាប់ពីយកឈ្នះលើបឹងកេត ១-០ ក្រុមភ្នំពេញក្រោន នៅតេបន្តឈរនៅលេខរៀងទី២ ដដែល ដោយប្រដេញតាមពីក្រោយព្រះខ័នរាជស្វាយរៀង ដែលជាក្រុមឈរកំពូលតារាងក្នុងលីគសប្តាហ៍ទី ១៩ ក្រោយពីពួកគេយកឈ្នះលើ Tiffy Army FC ១-០។ ស្រពេល ISI ទ្បើងមក Top ៤ វិញ បន្ទាប់ពីយកឈ្នះលើអង្គរថាយហ្គឺរ ៧-១ កាលពីម្សិលមិញដូចគ្នា។ សូមជម្រាបថា ក្លឹបនាគខៀវបឹងកេតពេលប៉ះគ្នានៅ៦ប្រកួតចុងក្រោយនេះ មិនដែលយកឈ្នះសឹង្ហក្រហមភ្នំពេញក្រោនម្តងណាឡើយ ពោលគឺមានតែចាញ់និងស្មើ៕




