
(បាល់ទាត់)៖ ក្លឹបហង្សក្រហម Liverpool បានគ្រងជើងឯកពានរង្វាន់លំដាប់ទីបីរបស់ប្រទេសអង់គ្លេស EFL Cup (Carabao Cup) និងជាលើក១០ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីយកឈ្នះលើក្រុមតោខៀវ Chelsea នៅឯកីទ្បដ្ឋាន Wembley Stadium ក្នុងលទ្ធផល ១-០ កាលពីយប់មិញ...។

ខ្សែការពារកណ្តាល Virgil van Dijk ជាអ្នករកគ្រាប់បាល់ជ័យជម្នះនៅនាទី១១៨ ក្នុងម៉ោងបន្ថែម១៥នាទី ២ដង តាមរយៈការបញ្ជូនបាល់ដ៏ល្អពីសំណាក់ដៃគូ Konstantinos Tsimikas ខណៈដែលក្រុម Chelsea ក៏បង្ហាញទម្រង់លេងដ៏អស្ចារ្យដែរ ដោយបើកការវាយសម្រុក និងដាក់សម្ពាធទៅលើក្រុមគូប្រជែង Liverpool តាំងពីតង់ទី១ និងទង់២ ប៉ុន្តែមិនមានសំណាងក្នុងការរកគ្រាប់បាល់ទាល់តែសោះ ក្នុងជំនួបដ៏ជក់ចិត្តខាងលើនេះ។ លទ្ធផលនេះ បានធ្វើឱ្យក្លឹបហង្សក្រហម Liverpool គ្រងតំណែងជើងឯកពានរង្វាន់លំដាប់ទីបីរបស់ប្រទេសអង់គ្លេស EFL Cup (Carabao Cup) ជាលើកទី១០ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្រុម Liverpool គឺជាក្រុមទី១នៅអង់គ្លេស ដែលឈ្នះពានរង្វាន់នេះច្រើនជាងគេ ស្របពេលក្រុម Manchester City ឈ្នះ៨ដង, Manchester United ឈ្នះ៦ដង និងក្រុមរងជើងឯក Chelsea ចំនួន៥ដងដូចគ្នានឹងក្រុម Aston Villa ផងដែរ។

អ្នកចាត់ការទូទៅក្រុម Liverpool លោក Jürgen Klopp បន្ទាប់ពីលើកពានរង្វាន់នេះ លោកកំពុងសម្លឹងរកមើលការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League រដូវកាល២០២៣-២៤ ជាលើកទី២០ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប មុនពេលលោកចាកចេញពីកីទ្បដ្ឋាន Anfield នាចុងបញ្ចប់រដូវកាល ពោលគឺមានន័យថាប្រសិនបើក្លឹបរបស់លោកឈ្នះ Premier League ពិតមែននោះ នឹងតាមស្មើកំណត់ត្រារបស់ក្លឹប Manchester United ដែលឈ្នះពានលីគច្រើនជាងគេនៅអង់គ្លេសមិនខាន។ គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុម Liverpool កំពុងស្ថិតនៅលេខរៀងទី១ ក្នុងលីគ ដោយលើសក្រុម Manchester City តែ១ពិន្ទុតែប៉ុណ្ណោះសម្រាប់សប្តាហ៍ទី២៦ ស្របពេលការប្រកួតរបស់ពួកគេនៅសល់១២ប្រកួតទៀត..៕


សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖


