ហង្សក្រហម Liverpool អាចនឹងបិទបញ្ចប់ភាពខ្លាំងរបស់ខ្លួន ប្រសិនបើកីឡាករឆ្នើម២នាក់សម្រេចចាកចេញ
Serichopon Ye
2 ឆ្នាំមុន

(បាល់ទាត់)៖ ក្លឹបហង្សក្រហម Liverpool អាចប្រឈមនឹងការបិទបញ្ចប់នៃយុគសម័យកាលដ៏រុងរឿងរបស់ខ្លួននៅរដូវកាលនេះ ប្រសិនបើកីទ្បាករ Virgil van Dijk និង Mohamed Salah ដែលជាតារាឆ្នើមរបស់ក្រុម ដើរតាមកន្លងរបស់លោក Jurgen Klopp..។

ជាការពិតណាស់ អ្នកចាត់ការទូទៅរបស់ក្លឹប Liverpool លោក Jurgen Klopp នឹងលាលែងពីតំណែង នាចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីដឹកនាំក្រុម៩ឆ្នាំ..។ រយៈពេល៩ឆ្នាំ លោក Jurgen Klopp បានដឹកនាំក្រុមឈ្នះពានរង្វាន់ Champions League, Premier League, FA Cup និង Carabao Cup ជាមួយ Liverpool ដែលមានកីឡាករ Salah វ័យ៣១ឆ្នាំ និង Van Dijk អាយុ៣២ឆ្នាំ ជាផ្នែកមួយនៃភាពជោគជ័យនោះ។ យ៉ាងណា ប្រធានក្រុម Liverpool ខ្សែការពារដ៏ឆ្នើម Van Dijk បាននិយាយថា៖ «ខ្ញុំមិនដឹងទេថា តើខ្ញុំនឹងក្លាយជាផ្នែកមួយនៃយុគសម័យថ្មី ឬយ៉ាងណាទេ ខណៈដែលខ្សែប្រយុទ្ធ Salah ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹបផងដែរ»

ជុំវិញរឿងរ៉ាវខាងលើនេះ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Blackburn លោក Chris Sutton បានថ្លៃងប្រាប់វិទ្យុ BBC Radio 5 Live ថា៖ ការចាកចេញពីរបស់លោក Jurgen Klopp បានធ្វើឱ្យកីឡាករមួយចំនួនមានអារម្មណ៍ថាចង់ចាកចេញដែរ។  លោក Chris Sutton បានបន្តនៅក្នុងកម្មវិធី Monday Night Club ថា ពួកគេមានក្រុមស្និទ្ធស្នាលបែបនេះ។ លោក Klopp បាននៅទីនោះជាច្រើនឆ្នាំមកហើយ។ កីឡាករដែលគាត់បានចុះហត្ថលេខានឹងមានអារម្មណ៍ថាពួកគេជំពាក់គុណគាត់។ Van Dijk, Andy Robertson, Salah មើលទៅដូចជាពួកគេអាចបន្តទៅមុខទៀត។ វាប្រហែលជាចុងបញ្ចប់នៃយុគសម័យមួយ មិនត្រឹមតែសម្រាប់លោក Klopp ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កីឡាករមួយចំនួន។ កីឡាករជាច្រើនដែលលោក Klopp នាំយកមកនឹងមានអារម្មណ៍ថា មានចំណងមិត្តភាពជាមួយគាត់ ហើយប្រហែលជាគាត់គិតថា ជាពេលវេលាត្រឹមត្រូវដែលត្រូវចាកចេញ។

លោក Chris Sutton
លោក Chris Sutton

គួរជម្រាបថា ការចាកចេញរបស់លោក Jurgen Klopp ស្របពេលក្លឹបកំពុងតែប្រកួតប្រជែងយកពានចំនួន៤ផងដែរ ខណៈដែលពួកគេក៏កំពុងឈរនៅកំពូលតារាង Premier League ដែលត្រូវប៉ះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ Carabao Cup ហើយនៅតែស្ថិតក្នុងពានរង្វាន់ FA Cup និង Europa League..៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត