
(បាល់ទាត់)៖ Liverpool និង Al-Ettifaq បានឈានដល់កិច្ចព្រមព្រៀងគ្នាលើតម្លៃផ្ទេរ ១២ លានផោន រួមទាំងថ្លៃផ្សេងៗទៀត (add-ons) ក្នុងនាំយកខ្សែបម្រើអង់គ្លេស Jordan Henderson មកកាន់ក្របខណ្ឌ Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ Jordan Henderson នឹងចុះកិច្ចសន្យារយៈពេលបីឆ្នាំ និងទទួលបានថ្លៃនឿយហត់រហូតដល់ទៅ៧០ម៉ឺនផោនឯណោះក្នុងមួយសប្តាហ៍។

Jordan Henderson ដែលមានវ័យ៣៣ឆ្នាំរូបនេះ គឺជាខ្សែបម្រើឆ្នើមរបស់ក្រុមហង្សក្រហម Liverpool បានចូលរួមជាមួយនឹងក្រុមកាលពីឆ្នាំ២០១១ មកម្ល៉េះ និងបានបង្ហាញខ្លួនឱ្យក្រុមចំនួន៤៩២ប្រកួត រកបាន៣៣គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន៦១លើក។ មិនត្រឹមតែប៉ុណ្ណោះ Henderson ក៏បានរួមចំណែកជួយឱ្យក្រុមឈ្នះពានរង្វាន់សរុប៨គ្រឿង ក្នុងនាមជា Legend របស់ក្លឹបរួមមាន៖ UEFA Champions League, Premier League, FA Cup, EFL Cup និង FIFA Club World Cup ជាដើម។ យ៉ាងណា កិច្ចសន្យារបស់ Jordan Henderson នៅសល់រយៈពេល២ឆ្នាំទៀត ជាមួយនឹង Liverpool..។ កាលពីយប់មិញ អំទ្បុងពេលប្រកួតមិត្តភាព Pre-Season ក្រុម Liverpool បានយកឈ្នះលើ Karlsruher ដោយបញ្ចប់លទ្ធផល ៤-២ ប៉ុន្តែជំនួបនេះ Jordan Henderson មិនបានចូលលេងទ្បើយ ទោះបីជារួមដំណើរជាមួយនឹងក្រុមក៏ដោយ។ បច្ចុប្បន្ននេះក្លឹប Al-Ettifaq កំពុងស្ថិតនៅក្រោមគ្រប់គ្រងរបស់លោក Steven Gerrard ជាគ្រូបង្វឹកថ្មី ដែលទើបតែងតាំង កាលពីពេលថ្មីៗនេះ។ ហើយកាលពីសប្តាហ៍មុន កីទ្បាករ Fabinho របស់ Liverpool ក៏មានកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លឹប Al-Ittihad ក្នុងតម្លៃ ៤០ លានផោនផងដែរ។

ដោយទ្បែក សម្រាប់ក្លឹប Manchester City ក៏បានឈានដល់កិច្ចព្រមព្រៀងតម្លៃផ្ទេរ ៣០ លានផោន សម្រាប់កីទ្បាករអាល់ហ្សេរី Riyad Mahrez ផ្លាស់ទៅកាន់ក្លឹប Al-Ahli នៃក្របខណ្ឌ Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។ ស្របពេលដែលកីទ្បាករវ័យ ៣២ ឆ្នាំរូបនេះទទួលបានការអនុញ្ញាតមិនឱ្យរួមដំណើរទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង សម្រាប់ការប្រកួត Pre-Season របស់ក្រុម City ទ្បើយ។ Riyad Mahrez នៅសល់កិច្ចសន្យារយៈពេល២ឆ្នាំទៀតជាមួយនឹងក្រុម City..។ Mahrez បានផ្ទេរមកកាន់ក្រុម City ក្នុងតម្លៃ៦០លានផោនពី Leicester City កាលពីឆ្នាំ ២០១៨ និងបង្ហាញខ្លួនឱ្យក្រុមចំនួន ៤៧ប្រកួត រកបាន១៥គ្រាប់ រួមទាំងជួយឱ្យក្លឹបយក្សអង់គ្លេសមួយនេះឈ្នះពានរង្វាន់បីក្នុងមួយរដូវកាល កាលពីឆ្នាំមុន៕


ប្រភព៖ BBC


