
(បាល់ទាត់)៖ អ្នកចាត់ការហង្សក្រហម Liverpool លោក Jurgen Klopp ចង់ឱ្យមានការប្រកួត តទល់ជាមួយក្រុម Tottenham ឡើងវិញក្នុងក្របខណ្ឌPremier League បន្ទាប់ពីគ្រាប់បាល់របស់កីទ្បាករ Luis Diaz ដែលជាគ្រាប់បាល់មិន Offside តែត្រូវ VAR បដិសេធ..។

លោក Darren England ដែលជាអ្នកគ្រប់គ្រង VAR ក្នុងការប្រកួត និងជំនួយការរបស់គាត់ លោក Dan Cook មិនបានបដិសេធទេ នៅពេលគ្រាប់បាល់របស់ Diaz ត្រូវបានសម្រេចថា Offside ពេលលទ្ធផលស្មើគ្នា ០-០។ យ៉ាងណា ក្រោយពីបញ្ចប់ការប្រកួតនេះក្រុម Liverpool ទទួលរងបរាជ័យក្រោមថ្វីជើងរបស់ក្រុម Tottenham ដោយបញ្ចប់លទ្ធផល ២-១ ដោយសារគ្រាប់បាល់ Own Goal (ចូលទីខ្លួនឯង) នៅនាទី៩០+៦ ពីកីទ្បាករ Joel Matip។ អ្នកចាត់ការហង្សក្រហម Liverpool លោក Jurgen Klopp បានលើកទ្បើងថា៖«រឿងបែបនេះ មិនដែលកើតទ្បើងទេ ដូច្នេះហើយខ្ញុំគិតថាការលេងទ្បើងវិញ គឺជារឿងដ៏ត្រឹមត្រូវដែលត្រូវធ្វើ»។ ប៉ុន្តែខាងសារព័ត៌មាន BBC Sports យល់ឃើញថាសាប័ន Premier League ប្រហែលជាមិនធ្វើការប្រកួតទ្បើងវិញទេ ទោះបីជាក្លិបអង់គ្លេសមួយនេះ មិនទាន់ច្បាស់ថា តើមានសំណើជាផ្លូវការពី Liverpool ឬអត់នោះ។

ស្ថាប័នរបស់អាជ្ញាកណ្ដាល PGMOL បានបញ្ចេញសំឡេងនៃការពិភាក្សារវាងអាជ្ញាកណ្ដាលនៅលើទីលាន និងមន្រ្តី VAR ព្រមទាំងជំនួយការរបស់គាត់ជាសាសាធារណៈ។ ក្នុងសំឡេងមន្រ្តី VAR ថាការត្រួតពិនិត្យលើគ្រាប់បាល់ Diaz បានធ្វើយ៉ាងល្អឥតខ្ចោះ មុនពេលអះអាងថាវាកំហុសរបស់ពួកគេ..។ គួររំលឹកថា ការប្រកួតជុំទី៣ ក្នុងពានរង្វាន់ FA Cup ឆ្នាំ១៩៩៩ ត្រូវបានលេងទ្បើងវិញសាជាថ្មី ក្រោយពីអ្នកចាត់ការ Arsenal លោក Arsene Wenger បានយល់ព្រមឱ្យមានការប្រកួតជាមួយ Sheffield United ឡើងវិញ ក្រោយគ្រាប់បាល់ជ័យជម្នះដ៏ចម្រូងចម្រាសនៅក្នុងការប្រកួតដំបូង។ ដូច្នេះ សម្រាប់អាជ្ញាកណ្ដាលដែលពាក់ព័ន្ធក្នុងការប្រកួតនៅកីឡដ្ឋាន Tottenham Hotspur មិនត្រូវបានជ្រើសរើសសម្រាប់ការប្រកួតក្របខណ្ឌ Premier League ចុងសប្តាហ៍នេះទេ។

បន្ថែមលើនេះ អាជ្ញាកណ្ដាលនៅទីលាន លោក Simon Hooper នឹងក្លាយជា VAR សម្រាប់ការប្រកួតរវាងក្រុម Bournemouth និង Everton នាចុងសប្តាហ៍នេះ ខណៈដែលលោក Michael Oliver ជាមន្ត្រីទីបួន នឹងមានវត្តមាននៅក្នុងការប្រកួតពីរនៅចុងសប្តាហ៍នេះ៕




