ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
អាន ប៊ុនរ័ត្ននៈ
21 កុម្ភៈ 2024 04:45 AM

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានសម័យប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ជា ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី២រូបទៀតទទួលបន្ទុកបេសកកម្មពិសេស ដើម្បីបំពេញបន្ថែមនូវសមាសភាពរាជរដ្ឋាភិបាល...។

អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា បានចេញសេចក្តីប្រកាសជាសាធារណៈនៅមុននេះបន្តិចថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានវត្តមានសមាជិក សមាជិការដ្ឋសភា ខណៈពេលផ្ដើមសម័យប្រជុំចំនួន១១៥រូប ទទួលបានលទ្ធផលដូចខាងក្រោម៖ ក.អង្គសភាបានអនុម័តយល់ព្រមសមាសភាពលេខាធិការ សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួន៣រូប។ ខ.អង្គសភាធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប ដែលរួមមាន៖  
១- ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
២- ឯកឧត្តម ស្រី ថាមរុទ្ធ ជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
៣- ឯកឧត្តម ប៉ែន វិបុល ជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។

សូមបញ្ជាក់ផងដែរថា សម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដែលមានកូរ៉ុមចំនួន១២០រូប ដោយទទួលបានលទ្ធផលយល់ព្រម១២០សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរការបោះឆ្នោតចប់សព្វគ្រប់តាមរបៀបវារៈ រួចហើយ អង្គសភាបានប្រកាសបិទសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨:៥០នាទី..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត